ប្រទេសអារ៉ាប់រួម ៖ ទីក្រុងឌូបៃ (Dubai) បានប្រកាសពីផែនការសាងសង់ផ្លូវក្រាលមាសដំបូងគេនៅលើពិភពលោក នៅក្នុងតំបន់ដ៏ទាក់ទាញបុគ្គលល្បី និងបុគ្គលមានឥទ្ធិពលថ្មីបំផុតរបស់ខ្លួន Influencer Hotspot។ ផែនការដ៏អស្ចារ្យនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍដែលបង្កើតឡើងសម្រាប់ឧស្សាហកម្មគ្រឿងអលង្ការរបស់ប្រទេសអារ៉ាប់រួម ដែលមានឈ្មោះថា «សង្កាត់មាស » ឬ «The Gold District»។
បើតាមប្រភពពីកាសែត The Sun របស់ចក្រភពអង់គ្លេស ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានរាយការណ៍ថា រហូតមកទល់ពេលនេះ ព័ត៌មានលម្អិតបន្ថែមមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ដោយរំពឹងថានឹងមានព័ត៌មានបន្ថែមចេញផ្សាយជាដំណាក់កាលៗ។
យ៉ាងណាមិញ លោក Ahmed Al Khaja នាយកប្រតិបត្តិ Dubai Festivals and Retail Establishment នៃនាយកដ្ឋានសេដ្ឋកិច្ច និងទេសចរណ៍របស់ទីក្រុងឌូបៃ បានថ្លែងថា មាសបានចាក់ចូលយ៉ាងជ្រៅទៅក្នុងក្រណាត់វប្បធម៌របស់ទីក្រុងឌូបៃ។ លោកបន្ថែមថា «តាមរយៈគោលដៅដ៏សំខាន់នេះ យើងមិនត្រឹមអបអរសាទរមរតកដ៏ល្បីនេះទេ ប៉ុន្តែថែមទាំងស្រមៃឡើងវិញសម្រាប់យុគសម័យថ្មីមួយ ដែលបង្កើតឡើងដោយភាពច្នៃប្រឌិត និងនិរន្តរភាពផងដែរ។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន និងគូសបញ្ជាក់ពីមហិច្ឆតារួមរបស់ដៃគូ និងអ្នកពាក់ព័ន្ធក្នុងការដាក់ទីក្រុងឌូបៃនៅជួរមុខនៃការច្នៃប្រឌិត និងឧត្តមភាពសកល»។
យោងតាមការចេញផ្សាយពី Time out Dubai បានរាយការណ៍ថា តំបន់ «The Gold District» នឹងមានហាងលក់រាយមាស គ្រឿងអលង្ការ និងសម្អាងជាង ១ ពាន់កន្លែង។ ម៉ាកយីហោដែលត្រូវបានបញ្ជាក់រួមមាន Jawhara Jewellery, Malabar Gold and Diamonds, Al Romaizan និង Tanishq Jewellery។
ព្រមទាំងសណ្ឋាគារថ្មីចំនួន ៦ នឹងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ និងដៃគូពាណិជ្ជកម្ម ហើយក៏នឹងត្រូវបានហ៊ុំព័ទ្ធដោយភាពប្រណីតកាន់តែច្រើន ដែលមានទីតាំងនៅជាប់នឹងផ្សារមាសប្រពៃណីចំណាស់ជាងគេបំផុតមួយរបស់ទីក្រុងឌូបៃ «Gold Souk»។ តំបន់នេះ នឹងបន្ថែមទៅក្នុងបញ្ជីរៀបចំព្រឹត្តិការណ៍សំខាន់ៗទូទាំងពិភពលោករបស់ទីក្រុងឌូបៃ ខណៈដែលវាកំពុងបង្កើតគម្រោងធំៗជាច្រើនឥតឈប់ឈររួចទៅហើយ។
ទីក្រុងឌូបៃក៏នឹងកាន់កាប់តំណែងសម្រាប់ស្ថានីយ៍រថភ្លើងខ្ពស់បំផុតរបស់ពិភពលោកក្នុងពេលឆាប់ៗផងដែរ បន្ទាប់ពីការប្រកាសពីគម្រោងពង្រីកផ្លូវរថភ្លើងមានតម្លៃជាង ៤,៩ ពាន់លានដុល្លារអាមេរិក ៣,៦។ ខ្សែរថភ្លើង Metro Blue Line ថ្មីរបស់ទីក្រុងឌូបៃរួមមានផែនការសម្រាប់ស្ថានីយ៍កម្ពស់ ៧៤ ម៉ែត្រ ដែលជាស្ថានីយ៍ខ្ពស់បំផុតនៅលើពិភពលោក។ គេរំពឹងថាអ្នកដំណើរប្រមាណ ២០ ម៉ឺននាក់នឹងប្រើប្រាស់ប្រព័ន្ធខ្សែរថភ្លើងនេះជារៀងរាល់ថ្ងៃនៅឆ្នាំ ២០៣០ ហើយនឹងកើនឡើងដល់ ៣២ ម៉ឺននាក់នៅឆ្នាំ ២០៤០។ ការងារកំពុងដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៩។
លើសពីនេះទៀត អាកាសយានដ្ឋានអន្តរជាតិ Al Maktoum ទីក្រុងឌូបៃ ដែលបានបើកដំណើរការនៅឆ្នាំ ២០១០ បានប្រកាសពីការពង្រីកខ្លួនបន្ថែមទៀត ដើម្បីក្លាយជាអាកាសយានដ្ឋានធំជាងគេបំផុតលើពិភពលោក។ បន្ទាប់ពីសាងសង់រួច Al Maktoum នឹងស្វាគមន៍អ្នកដំណើរចំនួន ២៦០ លាននាក់ក្នុង១ឆ្នាំ៕




ចែករំលែកព័តមាននេះ