រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បុណ្យមាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ។ នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា សូមអនុមោទនាពិធីបុណ្យ មាឃបូជា ។ បុណ្យមាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ហើយពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ។

សម្តេចតេជោបានលើកឡើងថា ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង គឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣ គឺ១-ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន ។ ២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ។ ៣-ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។
សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះតែម្ដង នៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។ ជាមួយគ្នានេះ សូមពុទ្ធសាសនិកទាំងឡាយ អញ្ជើញចូលរួមក្នុងពិធីបុណ្យ មាឃបូជា នេះ ដោយសទ្ធាជ្រះថ្លារៀងៗខ្លួន ។
គួរបញ្ជក់ផងដែរថា ឆ្នាំនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំពិធីបុណ្យមាឃបូជា ដែលប្រារព្វធ្វើឡើង នៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្តុង) ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ដិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
បុណ្យមាឃបូជា គឺជាបុណ្យមួយនៃបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេស កាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកជនខ្មែរយើង តែងតែប្រារព្ធធ្វើពិធីបុណ្យមាឃបូជា នៅគ្រប់វត្តអារាមទូទាំង ប្រទេស ដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត ៕
ចែករំលែកព័តមាននេះ