ខេត្តបន្ទាយមានជ័យ ៖ ភ្លើងឆេះព្រៃក្បែរព្រំដែន បណ្តាលឱ្យផ្ទុះគ្រាប់ដែលសល់ពីសង្គ្រាម ហើយមិនទាន់រកឃើញអ្នកដុតនៅឡើយទេ ដែលហេតុការណ៍កើតឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោយទទួលព័ត៌មានពីអគ្គិភ័យបានឆាបឆេះព្រៃតាមបន្ទាត់ព្រំដែន(ឬតំបន់ស)ដែលឈមភូមិសាស្គ្រភូមិទំនប់(ក៥) និងភូមិព្រៃគុប សង្កាត់អូរឫស្សី និងមានស្នូរគ្រាប់ផ្ទុះដែលជាសំណល់គ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាម ។

លោកបានបញ្ជាក់ថា ក្រោយអគ្គិភ័យបានឆាបឆេះព្រៃតាមបន្ទាត់ព្រំដែន ដែលអាចប្រឈមឆេះរាលដាលភូមិលំនៅឋានប្រជាពលរដ្ឋ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ និងបាញ់ការពារមិនអោយរាលដាលចូលភូមិឋានប្រជាពលរដ្ឋរស់នៅក្បែរព្រំដែន។

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះព្រៃនៅតាមបន្ទាត់ព្រំដែន ឬតំបន់សដែលមានស្នូរគ្រាប់ផ្ទុះជាយុទ្ធភ័ណ្ឌសល់ពីសង្គ្រាម សូមឱ្យបងប្អូនកុំមានការភាន់ច្រឡំ ហើយភ្លើងឆេះព្រៃតាមបន្ទាត់ព្រំដែនមិនទាន់បានដឹងថា អ្នកណាជាអ្នកដុតនៅឡើយទេ ។

ចែករំលែកព័តមាននេះ