សេប៊ូ, ហ្វីលីពីន ៖ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលសិទ្ធិប្រទានពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយ ដាតុ អាប់ឌុល ម៉ាណាវ មេតទុសស៊ីន រដ្ឋមន្ត្រីក្រសួងធនធានចម្បង និងទេសចរណ៍ព្រុយណេ តំណាងរាជរដ្ឋាភិបាល នៃព្រះចៅស៊ុលតង់ និងយ៉ាង ឌី-ពឺទួន នៃប្រទេសព្រុយណេ ដារូស្សាឡាម ។
អនុស្សរណៈ នៃការយោគយល់គ្នានេះមានគោលបំណង ៖ (១) ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងភាគីទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី, (២) ផ្លាស់ប្តូរការអនុវត្ត និងបទពិសោធល្អៗក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍, (៣) ជំរុញបន្ថែមនូវការតភ្ជាប់រវាងប្រទេសទាំងពីរ, (៤) ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, និង (៥) លើកទឹកចិត្តបន្ថែមលើការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងដំណើរទស្សនកិច្ចផ្លូវការនៃវិស័យសាធារណៈ និងឯកជន ។
តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ កម្ពុជា និង ព្រុយណេ រំពឹងថា នឹងមានកំណើន នៃលំហូរភ្ញៀវទេសចរទ្វេទិសរវាង នៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរពីប្រទេសទី៣ ជាពិសេសប្រទេសកាន់សាសនាអ៉ីស្លាម ។
សូមបញ្ជាក់ជូនថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម, មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូន ទេសចរមូស្លីម តាមរយៈការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧), ស្តង់ដាមូស្លីមហ្វ្រែនលី សៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា និងស្តង់ដាផលិតផលហាលឡាលកម្ពុជា៕




ចែករំលែកព័តមាននេះ