ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់ហាក់ដូចជាក្រពុលមុខយ៉ាងខ្លាំងដែលប្រទេសមហាអំណាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួននៅក្នុងបញ្ហាហែបាតុកម្ម។ ខ្លួនមិនអាចធ្វើអ្វីកើតក្រៅពីសម្លាប់ប្រជាជនខ្លួនឯងដើម្បីរំសាយកំហឹង។ មិនតែប៉ុណ្ណោះ មហាអំណាចនោះយកលេសរឿងនុយក្លេអ៊ែរ និងចង់វាយប្រហារអ៊ីរ៉ង់ថែមទៀត។ ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្កៀន (Masoud Pezeshkian) ថ្លែងថាអាមេរិក, អ៊ីស្រាអែល និងអឺរ៉ុបឆ្លៀតឱកាសដែលអ៊ីរ៉ង់កំពុងចុះខ្សោយផ្នែកសេដ្ឋកិច្ច ពួកគេញុះញង់ឱ្យមានភាពវឹកវរ និងជួយជ្រោមជ្រែងពីក្រោយខ្នងដើម្បីឱ្យមនុស្សមានចិត្តជ្រើមជ្រួល ពុះហែកប្រទេសជាតិជាចម្រៀកៗតាមរយៈការហែបាតុកម្ម។

ចលនាបាតុកម្មរយៈពេលពីរអាទិត្យចាប់ផ្ដើមកាលពីចុងខែធ្នូ ឆ្នាំ២០២៥ដើម្បីតវ៉ាបញ្ហាទំនិញឡើងថ្លៃ និងថ្លៃចំណាយខ្ពស់លើជីវភាពរស់នៅប្រចាំថ្ងៃ។ ឥឡូវនេះ ចលនាបាតុកម្មបានស្ងប់ស្ងាត់ទៅវិញហើយបន្ទាប់ពីឆ្លងកាត់ការបង្ក្រាបយ៉ាងចាស់ដៃ ស្លាប់មិនតិចនាក់នោះទេ។ ក្រុមសិទ្ធិមនុស្ស HRANA នៅអាមេរិកអះអាងថាស្លាប់យ៉ាងតិច៦៥៦៣នាក់។ ក្នុងនោះ បាតុករស្លាប់៦១៧០នាក់ ចំណែកឯកងសន្តិសុខស្លាប់២១៤នាក់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាងប្រាប់ទូរទស្សន៍ស៊ីអឹនអឹន (CNN) ថាមនុស្ស៣១០០នាក់ស្លាប់។ ក្នុងនោះលោកថាកងសន្តិសុខស្លាប់២ពាន់នាក់។ លោកប៉េហ្សេស្កៀនថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិថាពួកអាមេរិក, អ៊ីស្រាអែល និងអឺរ៉ុបជាអ្នកនិយាយឆ្កឹះឆ្កៀល, បំបែកបំបាក់ និងជួយជ្រោមជ្រែងផ្នែកសម្ភារៈពីក្រោយខ្នងបាតុករ និងអូសទាញអ្នកដែលមិនដឹងអីឱ្យចូលទៅក្នុងព្រឹត្តិការណ៍នេះដែរ។

លោកថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំប្រកាសត្រង់ៗតែម្ដងថាលោកគាំទ្រក្រុមបាតុករ។ លោកថាអាមេរិកត្រៀមធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ង់បើអាជ្ញាធរសម្លាប់ក្រុមបាតុករ។ មន្ត្រីរដ្ឋាភិបាលអាមេរិកថ្លែងថាលោកត្រាំកំពុងពិនិត្យមើលជម្រើសនានាដែលមាននៅក្នុងដៃ។ ប៉ុន្តែលោកមិនទាន់សម្រេចជាលើកចុងក្រោយថាតើត្រូវវាយប្រហារប្រទេសអ៊ីរ៉ង់ ឬយ៉ាងណាទេ។

សារព័ត៌មានវ៉ាយណិត (Ynet) ផ្សាយថានាវាពិឃាតមួយគ្រឿងរបស់អាមេរិកបានចូលចតនៅកំពង់ផែអ៊ីស្រាអែលនៅក្នុងបំណងអ្វីម៉្យាង។ លោកប៉េហ្សេស្កៀនថ្លែងថាទាំងត្រាំ, ទាំងណឺតាន់យ៉ាហ៊ូ និងទាំងមេដឹកនាំអឺរ៉ុប ពួកគេដុតបញ្ឆេះឱ្យប្រទេសយើងមានបញ្ហា, ពួកគេចាក់រុកឆ្កឹះឆ្កៀល និងបានព្យាយាម និងបន្តព្យាយាមធ្វើឱ្យយើងបែកបាក់គ្នា។ ពួកគេនិយាយពន្យុះឱ្យមនុស្សចេញហែបាតុកម្មនៅតាមដងផ្លូវ និងចង់ហែកប្រទេសយើងជាចម្រៀកៗ, ចង់សាបព្រោះជម្លោះ និងការចងកំហឹងនៅក្នុងចំណោមប្រជាជនដើម្បីធ្វើឱ្យយើងបែកបាក់។

នៅពេលនេះ ក្រុមសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាដូចជាតួកគី អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតកំពុងធ្វើនយោបាយការទូតយ៉ាងដុតដៃដុតជើងដើម្បីទប់ស្កាត់មិនឱ្យផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់ និងអាមេរិក។ ជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយដោយសម្ដីខែងរ៉ែងថារដ្ឋាភិបាលរបស់លោកត្រៀមខ្លួនរួចហើយ។ ចង់ចរចាគ្នាដោយសន្តិវិធីក៏លោកស្វាគមន៍ ហើយបើចង់ធ្វើសង្គ្រាមជាមួយគ្នាក៏លោកស្វាគមន៍។

លោកថ្លែងបន្តទៀតថាអ៊ីរ៉ង់ត្រៀមខ្លួនសហការជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ដើម្បីលើកកម្ពស់ស្ថិរភាព និងសន្តិភាព។ លោកថាការចង់ផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់ជាការស្រមើស្រមៃសុទ្ធសាធ។ ប៉ុន្តែនៅតែមានអ្នកលង់ជឿនឹងការភូតកុហកបែបនេះទៀត។ ប្រព័ន្ធដឹកនាំរបស់យើងបានចាក់ឫសយ៉ាងជ្រៅរួចទៅហើយនៅក្នុងប្រទេសអ៊ីរ៉ង់៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ