ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​នាំ​ក្រុមហ៊ុន​ចំនួន៦​ទៅ​ផ្តល់​ឱកាស​ការងារ​ជាង៤​ពាន់​កន្លែងដោយ​ផ្ទាល់​ជូន​អតីត​ពលករ និង​អ្នករក​ការងារ​នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប

54 វិនាទី មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ខ្មែរ​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​បាន​រៀបចំ​ឡើង ​នា​ព្រឹក​ថ្ងៃ​សៅរ៍…

ខេត្តសៀមរាប​ ៖ ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ខ្មែរ​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​បាន​រៀបចំ​ឡើង ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែមករា ឆ្នាំ​២០២៦ នៅ​បរិវេណ​សាលាស្រុក​ស្រីស្នំ ខេត្តសៀមរាប ដើម្បី​ផ្ដល់​ឱកាស​ការងារ​ដល់​បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​យុវជន​ក្នុង​មូលដ្ឋាន ឱ្យ​ទទួល​បានការ​ងារ​ធ្វើ​ភ្លាម​ៗ និង​ចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេកទេស​ ។

នា​ឱកាស​នោះ ឯកឧត្តម ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​អនុវត្ត​តាម​អនុសាសន៍​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​ជា​និច្ចកាល​សម្ដេច​តែងតែ​ណែនាំ​ឱ្យ​ក្រសួង​ការងារ ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​ដល់​បងប្អូន​ពលករ ដើម្បី​ឱ្យ​មានឱកាស​ការងារ និង​អនាគត​ដ៏​ភ្លឺស្វាង​នៅ​ក្នុងស្រុក​កំណើត មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ឆ្ងាយ
​ឡើយ​ ។

លើស​ពី​នេះ ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន និង​បងប្អូន​ពលករ ចាប់​យក​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស (TVET ១,៥​លាន​នាក់​) ដើម្បី​បង្កើន​សមត្ថភាព និង​ទទួល​បាន​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​ផង​ដែរ​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​៖ «​សូម​បងប្អូន​ជឿជាក់​លើ​ការងារ​ក្នុងស្រុក ព្រោះ​វា​ជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​កសាង​សេដ្ឋកិច្ច​គ្រួសារ និង​អនាគត​ដ៏​កក់ក្ដៅ​បំផុត​»​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​ផ្ដល់​ឱកាស​ការងារ និង​ការ​បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ គឺជា​អាទិភាព​ចម្បង​មួយ​ដែល​សម្ដេច​ធិ​បតី​យកចិត្តទុកដាក់​បំផុត ដើម្បី​ធានា​បាន​នូវ​ជីវភាព​សមរម្យ និង​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ​គ្រប់​រូប​ក្នុង​គ្រប់​កាលៈទេសៈ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​បាន​ពន្យល់​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម អំពី​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់​សម្រាប់​ការងារ​នៅ​ក្នុងស្រុក​តាម​រយៈ​ទទួល​បាន​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ព្រមទាំង​ជួយ​ឱ្យ​បងប្អូន​បាន​រស់នៅ​ជួបជុំ​គ្រួសារ មើលថែ​ទាំ​កូន និង​ឪពុក​ម្ដាយ ជៀស​ផុត​ពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ខុសច្បាប់​នៅ​ក្រៅប្រទេស​។

សូម​បញ្ជាក់​ថា វេទិកា​នេះ គឺជា​ជំនួប​ដ៏​ធំ និង​មាន​សារៈសំខាន់​មួយ រវាង​អ្នក​ស្វែងរក​ការងារ និង​និយោជក​, បង្កើន​ការ​យល់​ដឹង​អំពី​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម (​ប​. ស​. ស​.) សម្រាប់​កម្មករនិយោជិត​ពេល​ចូល​បម្រើ​ការងារ​នៅ​ក្នុងស្រុក និង​ផ្សព្វផ្សាយ និង​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ជា​ពិសេស កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ (១,៥​លាន​នាក់​)​ ។ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ