ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​KOICA ពិភាក្សា​លើ​ការ​អនុ វត្ត​គម្រោង ដើម្បី​លើកកម្ពស់​ជំនាញ​យុវជន​កម្ពុជា និង​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ឆ​យ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ឆ​យ ម៉ូ​ន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា និង​គណៈប្រតិភូ លើ​ការ​អនុវត្ត «​គម្រោង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ឧស្សាហកម្ម​នៅ​កម្ពុជា ឆ្នាំ​២០២៦–២០៣០» នា​រសៀល​ថ្ងៃ​សុក្រ ទី​៣០ ខែមករា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង​។

នា​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ KOICA ដែល​បាន​និង​កំពុង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ជា​ច្រើន​នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នេះ ដែល​នាំ​មក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ជា​ពិសេស ការ​គាំទ្រ​ដល់​ការ​លើកកម្ពស់​កម្លាំង​ពលកម្ម​កម្ពុជា ឱ្យ​ក្លាយជា​កម្លាំង​ពលកម្ម​មាន​ជំនាញ​ច្បាស់លាស់ ដែល​ជា​ទិស​ដៅ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​។

ឯកឧត្ដម​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​កាលពី​ឆ្នាំ​២០២៤ ដោយ​មាន​គោលបំណង​លើកកម្ពស់​វិស័យ​អប់រំ​បណ្តុះបណ្តាល​​បច្ចេកទេស​និង​វិជ្ជាជីវៈ នៅ​កម្ពុជា ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​កម្លាំង​ពលកម្ម​ទាំង​នៅ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​ ។ កិច្ច​សហប្រតិបត្តិការ​នេះ មិន​ត្រឹមតែ​ស្រប​តាម​ទិស​ដៅ​អាទិភាព​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ផង​ដែរ​។

តាម​រយៈ​ការ​អនុវត្ត​គម្រោង​នេះ​ផង​ដែរ កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​អាច​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​កាន់តែ​ច្រើន​លើ​ជំនាញ​មេកា​និក​ឧស្សាហកម្ម​, ជំនាញ​ផ្សា​អគ្គិសនី និង​ជំនាញ​សំណង់ ដែល​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ និង​តម្រូវការ​ទីផ្សារ​ការងារ​របស់​សាធារណរដ្ឋ​កូរ៉េ ។

លោកស្រី ឆ​យ ម៉ូ​ន ជុង បាន​បង្ហាញ​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​គម្រោង ដែល​មាន​គោលដៅ​រួម គឺ​ធានា​ឱ្យ​សិស្ស​-​និស្សិត​កម្ពុជា​អាច​បង្កើន​ជំនាញ​វិជ្ជាជីវៈ​បាន​យ៉ាង​ពេញលេញ​ទាំង​ចំណេះដឹង​ផ្នែក​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង​នៅ​សាលា​។ គម្រោង​នេះ មិន​ត្រឹមតែ​ផ្តល់​ការ​បណ្តុះបណ្តាល​សិស្ស​-​និស្សិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ភ្ជាប់​ពួក​គេ​ទៅ​នឹង​ឱកាស​ការងារ​នៅ​ក្រៅប្រទេស ព្រោះថា​គម្រោង​នេះ​ក៏​នឹង​ផ្តល់​នូវ​បទ​ពិសោធ​កម្រិតស្តង់ដា​ឧស្សាហកម្ម​សកល​ទៀត​ផង​ ។

ជាមួយនឹង​ការ​ថ្លែងអំណរគុណ​ដល់ KOICA និង​ក្រុមការងារ​ជំនាញ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាង​សកម្ម ក្នុង​ការ​បង្កើត​ឱ្យ​មាន​គម្រោង ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​បាន សំណូមពរ​ដល់ KOICA សូម​ជួយ​បង្កើន​សមត្ថភាព​ភាសា​កូរ៉េ​ដល់​សិស្ស​-​និស្សិត​កម្ពុជា ដើម្បី​ឱ្យ​ពួក​គេ​ងាយស្រួល​យល់​ដឹង​អំពី​មេរៀន ក៏​ដូច​ជា​ទទួល​បាន​ចំណេះដឹង​ពេញលេញ​ពី​ការ​បណ្តុះបណ្តាល​នៅ​សាលា​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ