ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថាអ៊ីរ៉ង់ចង់ចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាជាងចង់ប្រឈមមុខដាក់គ្នាទល់នឹងការវាយប្រហាររបស់យោធាអាមេរិក។ ទោះជាយ៉ាងណាក្ដី អ៊ីរ៉ង់ថាមីស៊ីល និងខែលការពារដែនអាកាសរបស់ខ្លួនមិនគួរដាក់បញ្ចូលទៅក្នុងការចរចាគ្នាទេ។ នៅពេលអ្នកសារព័ត៌មានសាកសួរពាក់ព័ន្ធនឹងការបញ្ជូនកម្លាំងយោធាកាន់តែច្រើនឡើងៗនៅឈូងសមុទ្រ លោកត្រាំឆ្លើយតបថាពួកគេ (អ៊ីរ៉ង់) ចង់បានកិច្ចព្រមព្រៀង។ លោកនិយាយតែត្រឹមនេះដោយមិនផ្ដល់សេចក្ដីលម្អិតនោះទេ។

កាលពីថ្ងៃពុធ លោកត្រាំព្រមានអ៊ីរ៉ង់ថាពេលវេលាកាន់តែនៅសល់តិចមែនទែនហើយសម្រាប់ការចរចានុយក្លេអ៊ែរ។ លោកថ្លែងដូច្នេះបន្ទាប់ពីយោធាអាមេរិកបញ្ជូននាវាចម្បាំងទៅកៀកនឹងប្រទេសអ៊ីរ៉ង់។ ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថារដ្ឋាភិបាលរបស់លោកគ្មានផែនការចរចាជាមួយអាមេរិកនៅក្នុងពេលនេះទេ។ ប៉ុន្តែលោកថាអ៊ីរ៉ង់បើកទូលាយជានិច្ចសម្រាប់ការចរចា។ លោកចង់សង្កត់ធ្ងន់លើការចរចាដែលចេះគោរពគ្នាទៅវិញទៅមក និងប្រកបដោយការជឿទុកចិត្ត។

នៅក្នុងស្ថានភាពតានតឹងបែបនេះ វិមានក្រឹមឡាំងថ្លែងថាក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីរ៉ង់បានជួបលោកពូទីន។ លោកទាំង២ពិភាក្សាគ្នាអំពីសភាពការណ៍នៅមជ្ឈិមបូព៌ា និងបញ្ហាដទៃទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ីអ័រអាយអេ (RIA)។ លោកត្រាំសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងជាមួយគ្នា។ បើសិនពួកគេព្រមជាការល្អ, ប៉ុន្តែបើមិនព្រមទេ យើងរង់ចាំមើលទាំងអស់គ្នាចុះថានឹងមានអ្វីកើតឡើង។

លោកត្រាំអះអាងថានាវាចម្បាំងមួយហ្វូងធំកំពុងធ្វើដំណើរទៅតំបន់មជ្ឈិមបូព៌ាហើយ ហើយលោកសូមមិននិយាយថានាវាទាំងនោះនឹងត្រូវដកចេញទៅវិញនៅពេលណាឡើយ។ យើងរង់ចាំមើលតើនាវាទាំងនេះនឹងចេញប្រតិបត្តិការអ្វីខ្លះ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថាលោកសូមជំទាស់ដាច់ខាតមិនឱ្យយកបញ្ហាមីស៊ីលរបស់ខ្លួនចូលទៅក្នុងការចរចាគ្នាទេ។ ម៉្យាងទៀត កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក៏អភិវឌ្ឍឡើងនៅក្នុងបុព្វហេតុសន្តិភាពតែប៉ុណ្ណោះ។

គួរកត់សម្គាល់ថាកាលពីមុននេះ លោកត្រាំទាមទារឱ្យអាជ្ញាធរអ៊ីរ៉ង់ឈប់សម្លាប់ក្រុមបាតុករ។ បើមិនដូច្នេះទេ លោកនឹងធ្វើអន្តរាគមន៍យោធា។ កាលពីថ្ងៃព្រហស្បតិ៍ លោកទាមទារឱ្យអ៊ីរ៉ង់ធ្វើរឿង២យ៉ាង ទី១-ត្រូវឈប់ផលិតអាវុធនុយក្លេអ៊ែរ និងទី២-ត្រូវឈប់សម្លាប់ក្រុមបាតុករ។ ក្រុមសិទ្ធិមនុស្ស HRANA នៅអាមេរិកអះអាងថាចំនួនអ្នកស្លាប់នៅក្នុងបាតុកម្មមានជាង៦៣០០នាក់។ ក្នុងនោះ ជាង៥៩០០នាក់ជាបាតុករ។ ចំណែកក្រុមសិទ្ធិមនុស្សនៅន័រវេអះអាងថាចំនួនអ្នកស្លាប់សរុបអាចមានដល់ជាង២៥០០០នាក់៕ ប្រភព៖ ប៊ីប៊ីស៊ី និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ