ទីក្រុងម៉ូស្គូ៖ លោកពូទីនថ្លែងកោតសរសើរមិនដាច់ពីមាត់ចំពោះការលក់ចេញអាវុធរបស់រុស្ស៊ីនៅតែច្រើនដូចមុនដដែលទោះបីពិភពលោកប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងណាក្ដី។ រុស្ស៊ីនៅតែត្រូវប៉ាន់ខាងលក់អាវុធព្រោះអត្រានាំចេញអាវុធរបស់រុស្ស៊ីនៅតែមានកម្រិតខ្ពស់។ លោកពូទីនថ្លែងថារុស្ស៊ីអាចពង្រីកទីផ្សារអាវុធកាន់តែធំទូលាយ ជាពិសេសនៅទ្វីបអាហ្វ្រិក។ ដូច្នេះទោះបីមានសម្ពាធពីក្រុមបស្ចិមប្រទេសយ៉ាងណាក្ដី ក៏ការទិញ-លក់អាវុធមិនថយចុះទេ។

លោកថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសថាកាលពីឆ្នាំមុន រុស្ស៊ីលក់អាវុធឱ្យប្រទេសជាង៣០បានលុយជាង១៥ពាន់លានដុល្លារ។ លោកថ្លែងបន្តទៀតថាវិស័យនេះបើកប្រតិបត្តិការនៅក្នុងស្ថានភាពដ៏ស្មុគស្មាញ។ លោកថាក្រុមបស្ចិមប្រទេសនៅតែបន្តដាក់សម្ពាធទៅលើរុស្ស៊ី ហើយដាក់កាន់តែខ្លាំងជាងមុនទៅទៀតដើម្បីពន្យឺត ឬបិទខ្ទប់ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ីជាមួយប្រទេសដទៃ។

ទោះបីពួកគេព្យាយាមបន្ទច់បង្អាក់បែបនេះក្ដី លោកពូទីនអះអាងថាកិច្ចសន្យាទិញ-លក់អាវុធនៅតែរក្សាបានជាធរមានដដែល។ លោកថាបណ្ដាប្រទេសនៅអាហ្វ្រិកចាប់អារម្មណ៍លើផលិតផលរបស់រុស្ស៊ី។ ទោះបីមានសម្ពាធពីក្រុមបស្ចិមប្រទេស បណ្ដាប្រទេសជាដៃគូរបស់រុស្ស៊ីនៅអាហ្វ្រិកនៅតែត្រៀមខ្លួនពង្រីកទំនាក់ទំនងជាមួយរុស្ស៊ីជានិច្ចនៅក្នុងវិស័យយោធា និងបច្ចេកវិទ្យាយោធា។

រុស្ស៊ីកំពុងខិតខំកសាងទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិក។ ក្នុងនោះក៏មានការសហការខាងយោធាផងដែរ។ កាលពីឆ្នាំ២០១៨ សាធារណរដ្ឋអាហ្វ្រិកកណ្ដាលបាននាំយកទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុនវ៉ាកណឺគ្រុប (Wagner) ទៅឈរជើងនៅលើទឹកដីនៃប្រទេសនេះដើម្បីទប់ទល់នឹងពួកឧទ្ទាម។ ប្រធានាធិបតីប្រទេសនេះក៏បានអញ្ជើញលោកពូទីនទៅបំពេញទស្សនកិច្ចនៅក្នុងខែនេះផងដែរ។ ក្រៅពីនេះ រុស្ស៊ីក៏ពង្រីកទំនាក់ទំនងជាមួយរបបយោធានៅប្រទេសម៉ាលី (Mali) និងបួគីណាហ្វាសូ (Burkina Faso) ផងដែរ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ