ទីក្រុងហាណូយ៖ ថ្មីៗនេះ នគរបាលវៀតណាមបើកការស៊ើបអង្កេតដេប៉ូមួយកន្លែងដែលរងការចោទប្រកាន់ថាបានផលិតកាហ្វេកញ្ចប់ក្លែងក្លាយពីសណ្ដែងសៀង។ ការស៊ើបអង្កេតនេះកើតឡើងបន្ទាប់ពីសមត្ថកិច្ចឆ្មក់ចូលទីនោះនៅក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ក្រសួងសន្តិសុខសាធារណៈ។ នៅពេលវាយឆ្មក់នោះ នគរបាលរឹបអូសបានកាហ្វេក្លែងក្លាយ៤,១តោន និងវត្ថុធាតុដើម៣តោនសម្រាប់ផ្សំផលិតកាហ្វេក្លែងក្លាយ។

ក្រសួងខាងលើនេះបញ្ជាក់ថាកន្លែងកែច្នៃកាហ្វេក្លែងក្លាយនោះមានទីតាំងស្ថិតនៅខេត្តឡាមដុង (Lam Dong) ជាតំបន់ខ្ពង់រាបនៃវៀតណាមកណ្ដាល។ វៀតណាមជាប្រទេសផលិតកាហ្វេរ៉ូប៊ូស្តា (Robusta coffee) ច្រើនជាងគេបំផុតនៅលើពិភពលោក។ កាហ្វេនេះមានរសជាតិល្វីង និងប្រើសម្រាប់ឆុងញ៉ាំភ្លាមៗ។ ខេត្តឡាមដុងជាតំបន់ស្ដេចចម្ការកាហ្វេរបស់វៀតណាម។

ម្ចាស់ដេប៉ូកែច្នៃកាហ្វេក្លែងក្លាយឈ្មោះលឿងវៀតកៀម (Luong Viet Kiem) សារភាពថាក្រុមហ៊ុនរបស់ខ្លួនពិតជាបានប្រើសណ្ដែកសៀង និងសារធាតុបន្ថែមរសជាតិលាយជាមួយគ្រាប់កាហ្វេដើម្បីផលិតម្សៅកាហ្វេលក់ឱ្យទីផ្សារនៅក្នុងស្រុក។ នគរបាលបញ្ជាក់ថាការឆ្មក់ចូលដេប៉ូផលិតកាហ្វេក្លែងក្លាយនេះកើតឡើងបន្ទាប់ពីពួកគេឆែកឆេររថយន្តធុនធំមួយគ្រឿងកាលពីថ្ងៃអង្គារដែលដឹកកាហ្វេ១០៥៦កញ្ចប់ ទម្ងន់សរុប៥២៨គីឡូក្រាម ដោយគ្មានឯកសារបញ្ជាក់ច្បាស់លាស់។

ក្រោយការបែកធ្លាយផលិតម្សៅកាហ្វេកញ្ចប់ក្លែងក្លាយនេះរួច សមត្ថកិច្ចវៀតណាមនឹងស៊ើបអង្កេតជាបន្តទៀត មិនទាន់បញ្ចប់ត្រឹមនេះទេ។ លោកង្វៀនកួងថូ (Nguyen Quang Tho) ជាឈ្មួញទិញ-លក់កាហ្វេនៅខេត្តដាក់ឡាក់ (Dak Lak) ប្រាប់ថាករណីកាហ្វេក្លែងក្លាយបែបនេះមានមិនខ្វះទេ។ គេអាចផលិតកាហ្វេប្រភេទនេះដោយផ្សំជាមួយសណ្ដែកសៀង, ពោត ឬផ្សំបញ្ចូលគ្នាទាំង២មុខនេះតែម្ដង។

សណ្ដែកសៀង និងពោតមិនទាស់ខុសអ្វីទេព្រោះជាអាហារដែលអាចបរិភោគបាន។ ប៉ុន្តែឈ្មួញខិលខូចប្រើប្រាស់វិធីផលិតកាហ្វេក្លែងក្លាយដោយលាយរបស់ទាំងនេះដើម្បីបានចំណេញច្រើនព្រោះរបស់ទាំងនេះមានតម្លៃថោកជាងកាហ្វេមែនទែនឆ្ងាយណាស់។ ប៉ុន្តែនៅក្នុងការផលិតកាហ្វេក្លែងក្លាយនេះ ពួកគេមិនមែនដាក់តែពោត និងសណ្ដែកនោះទេ។

មិនដឹងពួកគេដាក់សារធាតុគីមីអ្វីខ្លះដើម្បីឱ្យមានរសជាតិដូចកាហ្វេមែនទែន។ ដូច្នេះគ្រោះថ្នាក់សម្រាប់អ្នកផឹកកាហ្វេ។ នេះបើយោងតាមការយល់ឃើញរបស់លោកវៀនកួងថូ។ កសិករនៅវៀតណាមកណ្ដាលលក់កាហ្វេគ្រាប់មួយគីឡូក្រាមប្រហែលមួយសែនដុង (៣,៨៦ដុល្លារ) មានន័យថាថ្លៃជាងសណ្ដែកសៀងដល់ទៅបីដងឯណោះ៕ ប្រភព៖ វៀតណាមអ៊ិចប្រែស (Vietnam Express) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ