ទីក្រុងឡាហាវ៉ាន៖ ប្រធានាធិបតីគុយបា លោកមីហ្គែល ឌីយ៉ាស់ កានែល (Miguel Diaz-Canel) ប្រកាសថ្កោលទោសលោកដូណាល់ត្រាំពីបទប៉ុនប៉ងខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់គុយបាតាមរយៈការព្រមានដំឡើងពន្ធគយទៅលើទំនិញប្រទេសណាដែលផ្គត់ផ្គង់ ឬលក់ប្រេងឆៅទៅឱ្យគុយបា។ មេដឹកនាំគុយបារូបនេះចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធកាន់តែខ្លាំងឡើងៗប្រឆាំងនឹងប្រទេសដែនកោះមួយនេះដើម្បីកុំឱ្យងើបមុខរួច។

ជាការឆ្លើយតបចំពោះការព្រមានដំឡើងពន្ធរបស់លោកត្រាំ លោកឌីយ៉ាស់ កានែល បង្ហោះសារនៅលើបណ្ដាញសង្គមថាក្រោមហេតុផលមិនសមទំនង និងគ្មានមូលដ្ឋានច្បាស់លាស់ លោកត្រាំកំពុងព្យាយាមខ្ទប់ដង្ហើមសេដ្ឋកិច្ចគុយបាឱ្យស្លាប់។ លោកព្រមានដំឡើងពន្ធគយលើប្រទេសទាំងឡាយណាដែលមានសិទ្ធិអធិបតេយ្យក្នុងការទិញ-លក់ប្រេងឆៅជាមួយគុយបា។

លោកយល់ថាចំណាត់ការថ្មីនេះបានបង្ហាញធាតុពិតរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសគុយបា។ វិធានការនេះបង្ហាញអំពីចរិតហ្វាស៊ីសនិយម ឧក្រិដ្ឋនិយម និងប្រល័យពូជសាសន៍និយមនៃបនក្បត់ដែលឆក់ប្លន់ផលប្រយោជន៍ពីពលរដ្ឋអាមេរិកដើម្បីបម្រើឱ្យផលប្រយោជន៍ខ្លួនឯង។ ជាយូរមកហើយ គុយបាតែងតែប្រកាសថ្កោលទោសការដាក់ទណ្ឌកម្ម និងការរឹតត្បិតដទៃទៀតពីសំណាក់ប្រទេសអាមេរិកមកលើខ្លួន។ គុយបាចាត់ទុកថាការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់ខ្លួនធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្លួន។ គុយបាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រឆាំងជំទាស់នឹងការដាក់ចេញវិធានការបង្ខិតបង្ខំជាឯកតោភាគី។

វិធានការរបស់លោកដូណាល់ត្រាំដែលអនុម័តដោយបទបញ្ជានីតិប្រតិបត្តិនោះមិនបានបញ្ជាក់លម្អិតថាតើអត្រាពន្ធគយនោះនឹងដំឡើងកម្រិតណា និងថាតើប្រទេសណាប្រឈមនឹងការដំឡើងពន្ធគយ។ ក្រោយការដាក់ចេញវិធានការនោះ សារព័ត៌មានរបស់រដ្ឋគុយបាប្រកាសថាវិស័យដែលរងផលប៉ះពាល់មានដូចជាការផលិតអគ្គិសនី (ដែលរកកលនឹងដួលរលំស្រាប់ទៅហើយ), ផលិតកម្មកសិកម្ម, ការផ្គត់ផ្គង់ទឹកស្អាត និងសេវាសុខាភិបាលនៅគុយបា។

បន្ទាប់ពីបញ្ជូនកងទ័ពទៅវាយប្រហារប្រទេសវេណេហ្ស៊ូអេឡា និងចាប់ខ្លួនមេដឹកនាំប្រទេសនេះយកទៅទីក្រុងញូយ៉ក លោកត្រាំឆ្លៀតព្រមានប្រទេសដទៃទៀតថាប្រយ័ត្នមានជោគវាសនាបែបនេះ។ ក្នុងនោះ លោកព្រមានម៉ិកស៊ីកូ កាណាដា កូឡុំប៊ី និងគុយបា។ លោកថាបើគុយបាវិញមិនចាំបាច់បញ្ជូនកងទ័ពទៅចាត់ការទេ គុយបាគង់នឹងដួលរលំឆាប់ៗនេះ៕ ប្រភព៖ ស៊ីនហួ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ