ទីក្រុងបាកដាដ៖ សភាអ៊ីរ៉ាក់បានកំណត់យកថ្ងៃអាទិត្យខាងមុខនេះ ដើម្បីបើកសម័យប្រជុំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីមានការយឺតយ៉ាវដោយសារវិវាទរវាងគណបក្សឃឺដធំៗទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី៣១ ខែមករានេះ។
ការបោះឆ្នោតនេះមានសារៈសំខាន់បំផុត ព្រោះប្រធានាធិបតីថ្មីនឹងត្រូវតែងតាំងនាយករដ្ឋមន្ត្រីឱ្យបង្កើតរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនយោបាយនេះកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាម៉េរិក ខណៈដែលលោក ដូណាល់ ត្រាំ បានព្រមានជាមុនថា វ៉ាស៊ីនតោននឹងកាត់ផ្ដាច់ជំនួយទាំងអស់ ប្រសិនបើលោក នូរី អាល់ម៉ាលីគី ដែលជាបេក្ខភាពមេដឹកនាំប្លុកសភាធំជាងគេ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីឡើងវិញ។
ចាប់តាំងពីឆ្នាំ ២០០៣ មក អ៊ីរ៉ាក់បានអនុវត្តប្រព័ន្ធបែងចែកអំណាចតាមបែប «និកាយសាសនា និងសញ្ជាតិ» ដែលតម្រូវឱ្យប្រធានាធិបតីជាជនជាតិឃឺដ ប្រធានសភាជាអ្នកកាន់សាសនាអ៊ិស្លាមនិកាយស៊ុននី និងនាយករដ្ឋមន្ត្រីជាអ្នកកាន់សាសនាអ៊ិស្លាមនិកាយស៊ីអ៊ីត។ ភាពតានតឹងបានផ្ទុះឡើងខ្លាំង នៅពេលដែលលោក នូរី អាល់ម៉ាលីគី អតីតមេដឹកនាំដែលមានទំនោរជិតស្និទ្ធនឹងអ៊ីរ៉ង់ ត្រូវបានប្លុកសភាធំជាងគេតែងតាំងឱ្យត្រៀមឡើងកាន់អំណាច។ ការប្រឈមមុខដាក់គ្នារវាងការសម្រេចចិត្តផ្ទៃក្នុងរបស់អ៊ីរ៉ាក់ និងការព្រមានពីលោក ត្រាំ បានធ្វើឱ្យពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់ថា តើអ៊ីរ៉ាក់នឹងជ្រើសរើសផ្លូវអធិបតេយ្យភាពជាតិ ឬសុខចិត្តចុះញ៉មតាមសម្ពាធហិរញ្ញវត្ថុរបស់អាម៉េរិក៕
ចែករំលែកព័តមាននេះ