ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំប្រកាសតែងតាំងលោកខេវីន វ៉ស់ (Kevin Warsh) ជាទេសាភិបាលថ្មីនៃធនាគារកណ្ដាល។ ចំណាត់ការនេះត្រូវគេមើលឃើញថាបម្លាស់ប្ដូរនយោបាយរបស់រដ្ឋបាលលោកត្រាំដើម្បីឱ្យធនាគារកណ្ដាលធ្វើការកាន់តែជិតស្និទ្ធជាមួយសេតវិមាន ឬនិយាយម៉្យាងទៀតថាធនាគារកណ្ដាលស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងនយោបាយហិរញ្ញវត្ថុ។

លោកខេវីន វ៉ស់នឹងជំនួសតំណែងលោកជេរ៉ូម ផូវែល (Jerome Powell) ដែលនឹងផុតអាណត្តិនៅខែឧសភា។ លោកផូវែលក៏ទទួលការតែងតាំងពីលោកត្រាំដែរតាំងពីឆ្នាំ២០១៧នៅពេលលោកកាន់តំណែងប្រធានាធិបតីកាលពីអាណត្តិទីមួយ។ ប៉ុន្តែនៅអាណត្តិទី២នេះ លោកទាំង២ធ្វើការមិនសូវចុះសម្រុងនឹងគ្នាទេ។ ជាពិសេស លោកត្រាំរិះគន់លោកផូវែលដែលយឺតយ៉ាវក្នុងការកាត់បន្ថយអត្រាការប្រាក់។

លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថាលោកស្គាល់លោកខេវីន វ៉ស់ ជាយូរមកហើយ។ លោកគ្មានអ្វីត្រូវសង្ស័យឡើយថាលោកខេវីននឹងបំពេញការងារជាទេសាភិបាលធនាគារកណ្ដាលដ៏អស្ចារ្យម្នាក់ ប្រហែលជាមនុស្សឆ្នើមបំផុតនៅក្នុងមុខតំណែងនេះផងក៏អាចថាបាន។ លោកប្រាកដជាមិនធ្វើឱ្យគេឯងអស់សង្ឃឹមទេ។

បន្ទាប់ពីទទួលការតែងតាំងរួច លោកខេវីន វ៉ស់ត្រូវឆ្លងកាត់ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីព្រឹទ្ធសភាមួយដំណាក់កាលទៀត។ លោកធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលកាលពីអំឡុងឆ្នាំ២០០៦-២០១១។ កាលនោះ លោកជាសមាជិកគណៈអភិបាលធនាគារកណ្ដាលដែលមានអាយុតិចបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក (អាយុ៣៥ឆ្នាំ)៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News)
ចែករំលែកព័តមាននេះ