យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសការញ៉ាំអាហារភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង ឬពេលដែលក្រពះកំពុងទទេអស់រយៈពេលយូរ គឺជាចំណុចរសើបបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ។ អាហារមួយចំនួនដែលយើងគិតថាធម្មតា អាចក្លាយជាភ្នាក់ងារបង្កជាតិអាស៊ីត បណ្ដាលឱ្យក្រហាយទ្រូង ឈឺក្រពះ ឬច្រាលទឹកអាស៊ីត ប្រសិនបើញ៉ាំខុសពេលវេលា។
អាហារ និងភេសជ្ជៈដែលអ្នកគួរជៀសវាងញ៉ាំពេលពោះទទេរួមមាន កាហ្វេ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដែលជំរុញការបញ្ចេញអាស៊ីតយ៉ាងរហ័ស បង្កឱ្យញ័រទ្រូង និងឈឺពោះ។ ទឹកផ្លែឈើដែលមានរសជាតិជូរ (ក្រូច ក្រូចឆ្មារ) និង អាហារហឹរខ្លាំង ក៏ជាសត្រូវនៃក្រពះទទេដែរ ព្រោះវាធ្វើឱ្យរលាកស្រទាប់ក្រពះភ្លាមៗ។ លើសពីនេះ អាហារចៀនមានខ្លាញ់ច្រើន ធ្វើឱ្យក្រពះធ្វើការធ្ងន់ រីឯ បង្អែម ឬអាហារផ្អែមខ្លាំង ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងគំហុក នាំឱ្យអ្នកមានអារម្មណ៍វិលមុខ និងឆាប់អស់កម្លាំងទៅវិញ។ ចំពោះ ភេសជ្ជៈមានជាតិអាល់កុល វិញ វានឹងត្រូវស្រូបចូលកាន់តែលឿន និងបង្កការរលាកក្រពះយ៉ាងធ្ងន់ធ្ងរ។
ដើម្បីការពារក្រពះ និងផ្ដល់ថាមពលប្រកបដោយតុល្យភាព លោកអ្នកគួរជ្រើសរើសអាហារដែលជួយស្រោបក្រពះដូចជា ចេក ស្រូវសាលី នំប៉័ងបែប ស៊ុតឆ្អិន ឬទឹកដោះគោជូរធម្មតា។ អាហារទាំងនេះមិនបង្កឱ្យមានការបញ្ចេញអាស៊ីតច្រើនហួសហេតុ និងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។
ការយកចិត្តទុកដាក់លើអាហារដំបូងដែលចូលទៅក្នុងក្រពះ គឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការថែរក្សាសុខភាពប្រព័ន្ធរំលាយអាហារឱ្យរឹងមាំក្នុងរយៈពេលវែង៕
ចែករំលែកព័តមាននេះ