រាជធានីភ្នំពេញ ៖ ផ្ទះឈើលើថ្ម ក្រោមមួយកន្លែង នៅចន្លោះអគារផ្ទះជួលខ្ពស់ៗ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យនារី ២នាក់ បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងវេលាម៉ោង០៥និង២៥នាទីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទោះបីជាយ៉ាងណា ភ្លាមៗគេពុំទាន់ដឹងពីមូលហេតុអ្វីឡើយ ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ ភ្លើងបានឆាប់ឆេះចេញពីផ្ទះ១ល្វែង ធ្វើពីថ្មក្រោម ឈើលើ ដែលស្ថិតនៅចន្លោះអគារផ្ទះជួលខ្ពស់ ។ ភ្លាមៗ ភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអណ្ដាតភ្លើងបានឆេះរាលទៅបន្ទប់ជួល នៃអគារផ្ទះជួលខ្ពស់ ដែលនៅជាប់នោះ បណ្ដាលឲ្យនារី ចំនួនពីរនាក់ ដែលស្នាក់នៅបន្ទប់ផ្ទះជួល បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ និងទាក់ទងហៅរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
តាមព័ត៌មានឲ្យដឹងថា ផ្ទះមួយខ្នង ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង និងឆេះរាលដាល ទៅដល់បន្ទប់ជួល ដែលនៅជាប់នោះ។ ទាក់ទិនការកើតមានអគ្គិភ័យនេះ គេពុំទាន់ដឹងពីមូលហេតុឡើយ ។ នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ៕







ចែករំលែកព័តមាននេះ