ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​៖ កម្ពុជា​មិនមែន​ជាទី​សុវត្ថិភាព​របស់​ពួក​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​បច្ចេកវិទ្យា​នោះ​ទេ ប៉ុន្ដែ​ជា​ឋាននរក​សម្រាប់​ពួក​ឧក្រិដ្ឋជន​ទាំងឡាយ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូស​រំលេច​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា​នេះ​ថា សកម្មភាព​ដែល​កម្ពុជា​បង្ក្រាប​នូវ​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា​យ៉ាង​សកម្ម​នៅ​ពេល​នេះ គឺ​ចង់​បង្ហាញ​ជា​សារ​ទៅ​កាន់​ឧក្រិដ្ឋជន​ទាំងឡាយ ដែល​ចង់​មក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​ប្រទេស​កម្ពុជា​ថា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូស​រំលេច​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា​នេះ​ថា សកម្មភាព​ដែល​កម្ពុជា​បង្ក្រាប​នូវ​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា​យ៉ាង​សកម្ម​នៅ​ពេល​នេះ គឺ​ចង់​បង្ហាញ​ជា​សារ​ទៅ​កាន់​ឧក្រិដ្ឋជន​ទាំងឡាយ ដែល​ចង់​មក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​ប្រទេស​កម្ពុជា​ថា កម្ពុជា​មិនមែន​ជាទី​សុវត្ថិភាព​របស់​ពួក​គេ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នោះ​ឡើយ ក៏​ប៉ុន្ដែ​កម្ពុជា គឺជា​ឋាននរក​នៃ​ឧក្រិដ្ឋជន​ទាំងឡាយ នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​ប្រទេស​កម្ពុជា គឺ​កម្ពុជា​ជា​ឋាននរក​សម្រាប់​ពួក​គេ ។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា ។

ក្នុង​ជំនួប​នេះ សម្ដេច​ត​ជោ ហ៊ុន សែន បាន​លើក​ឡើង​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា (online scams) ដោយ​ក្នុង​នោះ​សម្ដេច​តេ​ជោ​បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ចម្រុះ​រវាង​សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់ ។ សម្ដេច​តេ​ជោ ក៏​ឆ្លៀត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ករណី​និស្សិត​កូរ៉េ​ខាងត្បូង ដែល​ត្រូវ​បាន​ឧក្រិដ្ឋជន​ធ្វើ​ទារុណកម្ម ហើយ​បាន​ស្លាប់​នៅ​កម្ពុជា ។ ទន្ទឹម​នេះ សម្ដេច​តេ​ជោ​ក៏​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ និង​ចូលរួម​រំលែក​នូវ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​រឿង​នេះ ។

យ៉ាងណា​ក៏​ដោយ សម្ដេច​តេ​ជោ​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង ដោយ​ឱ្យ​ភាគី​កូរ៉េ​ចែករំលែក និង​ផ្ដល់​ព័ត៌មាន​ដែល​មាន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋជន​នៃ​បទល្មើស​បច្ចេកវិទ្យា​ដែល​បាន​សម្លាប់​និស្សិត​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្ដែ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​។

ត្រង់​ចំណុច​នេះ សម្ដេច​តេ​ជោ មានការ​ចម្លែក​ចិត្ត​ថា ហេតុ​អ្វី​ឧក្រិដ្ឋជន​អាច​បោក​ប្រាស់​និស្សិត​កូរ៉េ​ខាងត្បូង មក​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ហើយ​បែរជា​ត្រូវ​បាន​ចាប់ខ្លួន​ឧក្រិដ្ឋជន​នោះ​នៅ​លើ​ទឹកដី​ប្រទេស​ថៃ​ទៅ​វិញ​។ ដូច្នេះ​ហើយ សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា ចង់ឱ្យ​ភាគី​កូរ៉េ​ចែករំលែក​ព័ត៌មាន ដើម្បី​ធានា​នូវ​តម្លាភាព​នៃ​ករណី​នេះ ពីព្រោះ​កម្ពុជា ក៏​ត្រូវ​ឈ្វេងយល់​បន្ថែម​អំពី​រឿង​នេះ​ថា តើ​មាន​ស្ថានភាព និង​កម្រិត​នៃ​រឿង​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​កម្រិត​ណា ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា ជា​ពិសេស គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា ប្រទេស​ថៃ​នឹង​កូរ៉េ​ខាងត្បូង មាន​ទំនាក់ទំនង និង​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា​នេះ ដូច្នេះ សម្ដេច​ចង់ឱ្យ​ភាគី​កូរ៉េ​ខាងត្បូង​សហការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ការ​សម្លាប់​និស្សិត​កូរ៉េ​ខាងត្បូង​នៅ​លើ​ទឹកដី​កម្ពុជា តែ​ឧក្រិដ្ឋជន​នោះ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​លើ​ទឹកដី​ប្រទេស​ថៃ ។ ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ពាក់ព័ន្ធ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ បាន​អរគុណ​ចំពោះ​កម្ពុជា​ដែល​បាន​សហការ​យ៉ាង​ល្អជា​មួយ​កូរ៉េ​ខាងត្បូង ដោយ​បាន​បង្កើត​ជា​ក្រុមការងារ​ចម្រុះ​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ ហើយ​បាន​ធ្វើ​ការងារ​យ៉ាង​ល្អជា​មួយ​គ្នា​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​រំលេច​ដែរ​ថា ឯកឧត្ដម​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ក៏​បាន​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ចម្រុះ​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង ក្នុង​ការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​នេះ​ផង​ដែរ ។ ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ចង់ឱ្យ​មានការ​ចែករំលែក​ព័ត៌មាន​អំពី​ការបង្ក្រាប​ឧក្រិដ្ឋជន​បទល្មើស​បច្ចេកវិទ្យា ដែល​បាន​សម្លាប់​និស្សិត​កូរ៉េ​ខាងត្បូង នៅ​លើ​ទឹកដី​ថៃ​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា ឯកឧត្តម នឹង​រាយការណ៍​ទៅ​កាន់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បន្ថែម​ទៀត​ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ហើយ​ឯកឧត្តម​សង្ឃឹមថា ភាគី​កម្ពុជា កូរ៉េ​ខាងត្បូង និង​ថៃ នឹង​ធ្វើការ​សហការ​គ្នា​បន្ថែម​ទៀត ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា​នេះ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏​បាន​រំលេច​បន្ថែម​អំពី​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​អំពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស គឺ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សហការ​លើ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា​នេះ​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចូលរួម​រំលែក​មរណទុក្ខ​ចំពោះ​និស្សិត​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បាន​ឧក្រិដ្ឋជន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សម្ដេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា បាន​បញ្ជាក់​បន្ថែម​ទៅ​កាន់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ថា សកម្មភាព​នៃ​ការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា គឺ​កម្ពុជា​កំពុង​តែ​ធ្វើការ​យ៉ាង​សកម្ម ដោយ​ធ្វើការ​សហការ​ជាមួយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ពីព្រោះ​បញ្ហា​ឧក្រិដ្ឋកម្ម​បទល្មើស​បច្ចេកវិទ្យា​នេះ មិនមែន​ជា​បញ្ហា​កម្ពុជា​ដោយឡែក​នោះ​ទេ ក៏​ប៉ុន្ដែ​វា​ជា​បញ្ហា​តំបន់ និង​ក្លាយទៅជា​បញ្ហា​របស់​សកលលោក​ទាំងមូល​។ ដូច្នេះ តម្រូវ​ឱ្យ​មានការ​សហការ​ជា​អន្តរប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ