ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះចម្បាំង ! គ្រូបង្ហាត់ និងសិស្សពីឡុតថៃ បានពលីជីវិតក្នុងបេសកកម្មហ្វឹកហ្វឺន ក្រោយយន្តហោះធ្លាក់ឆេះ

1 ម៉ោង មុន

ឈៀង​ម៉ៃ​៖ ឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ បាន​អង្រួន​កងទ័ពអាកាស​ភូមិន្ទ​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ នេះ ខណៈ​ដែល​យន្តហោះ​ចម្បាំង​ធុន​ស្រាល​ស៊េរី​ថ្មី​បំផុត​ប្រភេទ AT-6TH «Wolverine»…

ឈៀង​ម៉ៃ​៖ ឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ បាន​អង្រួន​កងទ័ពអាកាស​ភូមិន្ទ​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ នេះ ខណៈ​ដែល​យន្តហោះ​ចម្បាំង​ធុន​ស្រាល​ស៊េរី​ថ្មី​បំផុត​ប្រភេទ AT-6TH «Wolverine» បាន​ធ្លាក់​កណ្ដាល​ព្រៃ​ភ្នំ​ដាច់​ស្រយាល​ក្នុង​ខេត្ត​ឈៀង​ម៉ៃ បណ្ដាល​ឱ្យ​អ្នកបើកបរ​យន្តហោះ​ចំនួន ២ រូប បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​កំពុង​បំពេញបេសកកម្ម​ហ្វឹកហ្វឺន ។

យោង​តាម​ការ​បើក​បង្ហាញ​ពី​ឧត្តមសេនីយ៍ទោ ចក្រ​គ្រី​ត ធម្ម​វិជ័យ អ្នកនាំពាក្យ​កងទ័ពអាកាស​ថៃ និង​របាយការណ៍​ពី​អភិបាលស្រុក Chom Thong បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១០:២០ នាទី​ព្រឹក ។ យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់ គឺជា​យន្តហោះ​ចម្បាំង​ប្រភេទ​ទី​៨ (AT-6TH) ពណ៌​ស ស្ថិត​ក្នុង​កងអនុសេនាធំ​ហោះហើរ ៤១១ កងពលតូច​អាកាស ៤១ ។ យន្តហោះ​នេះ​បាន​ធ្លាក់​ក្នុង​តំបន់​ព្រៃ​ភ្នំ ភូមិ Huai Muang Fang Sai ឃុំ Mae Soi ស្រុក Chom Thong (​ចម្ងាយ​ប្រហែល ៦០​គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​ឈៀង​ម៉ៃ​) ដែល​ជា​តំបន់​ហ្វឹកហ្វឺន​ផ្លូវការ​សម្រាប់​បេសកកម្ម​ស្វែងរក និង​ជួយ​សង្គ្រោះ​ក្នុង​តំបន់​ប្រយុទ្ធ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា យន្តហោះ​បាន​ឆេះ​ខូចខាត​ស្ទើរ​ទាំងស្រុង ដោយ​បន្សល់​ទុក​តែ​បំណែក​ស្លាប ដែល​មាន​សញ្ញា​សម្គាល់​កងទ័ពអាកាស​ថៃ​យ៉ាង​ច្បាស់​នៅ​កណ្តាល​ព្រៃ ។ ចំពោះ​សោកនាដកម្ម​នេះ កងទ័ពអាកាស​ថៃ​បាន​បញ្ជាក់​ថា អ្នកបើកបរ​យន្តហោះ​ទាំង​២ រូប (​គ្រូបង្ហាត់ និង​សិស្ស​ពី​ឡុ​ត​) បាន​ពលី​ជីវិត​ក្នុង​ភារកិច្ច ។

ទោះជា​យ៉ាងណា ឧបទ្ទវ​ហេតុនេះ មិន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​អាយុជីវិត ឬ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្បែរ​កន្លែង​កើតហេតុ​នោះ​ទេ ។ មេបញ្ជាការ​កងទ័ពអាកាស​ថៃ បាន​បញ្ជា​ឱ្យ​បិទ​ខ្ទប់​តំបន់​កើតហេតុ​ទាំងស្រុង និង​ចាត់តាំង​គណៈកម្មការ​ស៊ើបអង្កេត ចុះ​ទៅ​ពិនិត្យ​រក​មូលហេតុ​ពិតប្រាកដ ។

ការ​ស៊ើបអង្កេត​នឹង​ធ្វើ​ឡើង​យ៉ាង​ហ្មត់ចត់​តាម​ស្តង់ដារ​សុវត្ថិភាព​ហោះហើរ ដើម្បី​យក​មក​កែ​លម្អ​វិធានការ​ការពារ កុំឱ្យ​មាន​សោកនាដកម្ម​បែប​នេះ​កើត​ឡើងជា​ថ្មី​ទៀត ។

គួរ​រំលឹក​ថា យន្តហោះ AT-6TH គឺជា​យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​បំផុត ដែល​កងទ័ពអាកាស​ថៃ​ទើបតែ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ខែកញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ ដើម្បី​ជំនួស​យន្តហោះ​ប្រភេទ L-39 ចាស់​ៗ ក្នុង​ភារកិច្ច​ការពារ​ព្រំដែន និង​ហ្វឹកហ្វឺន​ពី​ឡុ​ត​ចម្បាំង​កម្រិត​ខ្ពស់ ។ កាល​ណោះ គេ​ចាំ​បាន​ថា ក្នុង​ពិធី​នោះ កងទ័ពអាកាស​ថៃ ក៏​បាន​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រោះព្រំ​ទឹកមន្ត​យ៉ាង​អធិកអធម​ទៅ​លើ​តួ​យន្តហោះ​ទាំងនោះ ព្រមទាំង​បំពាក់​ខ្សែ​សីមា និង​កម្រងផ្កា ដើម្បី​ជា​សិរី​សួស្តី និង​សុំ​សេចក្តីសុខ​សប្បាយ​ដល់​ពី​ឡុ​ត​ក្នុង​រាល់​ការ​ហោះហើរ ។ ប៉ុន្តែ​ជា​អកុសល ខណៈ​ពេល​ដែល​យន្តហោះ​ស៊េរី​ថ្មី​នេះ កំពុង​បង្ហាញ​សមត្ថភាព​ពង្រឹង​សន្តិសុខ​ជាតិ ស្រាប់តែ​កើត​ឧបទ្ទវហេតុ​មិន​នឹក​ស្មាន​ដល់​ទៅ​វិញ ។

គិត​មក​ទល់​ពេល​នេះ តំបន់​កើតហេតុ​ត្រូវ​បាន​បិទ​ខ្ទប់​ទាំងស្រុង ខណៈ​ដែល​កងទ័ពអាកាស​ថៃ​កំពុង​ស្វែងរក​ប្រអប់​ខ្មៅ និង​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ឆ្លើយ​តប​នឹង​ច​ម្ង​ល់​ជា​ច្រើន​ថា ៖ ហេតុ​អ្វី​បានជា​យន្តហោះ​ស៊េរី​ថ្មី​បំផុត បំពាក់​បច្ចេកវិទ្យា​ទំនើប និង​ឆ្លងកាត់​ពិធី​ប្រសិទ្ធពរ​ជ័យ​យ៉ាង​ច្បាស់លាស់​ហើយ បែរជា​ជួប​គ្រោះថ្នាក់​យ៉ាង​អាណោចអាធ័ម​បែប​នេះ​ទៅ​វិញ?

កែសម្រួលដោយ