ទីក្រុងបូហ្គោតា៖ មានហេតុការណ៍ធ្លាក់យន្តហោះដឹកដំណើរមួយគ្រឿងនៅត្រង់ចំណុចក្បែរព្រំដែនប្រទេសកូឡុំប៊ី និងវេណេហ្ស៊ូអេឡាបណ្ដាលឱ្យស្លាប់មនុស្ស១៥នាក់។ នៅក្នុងចំណោមនោះក៏មានអ្នកតំណាងរាស្ត្រម្នាក់ផងដែរ។ ប្រភពខ្លះថាហេតុការណ៍នេះឆក់យកជីវិតមនុស្សទាំងអស់ដែលស្ថិតនៅក្នុងយន្តហោះដែលរួមមានបុគ្គលិកបម្រើការ និងអ្នកដំណើរ។

យន្តហោះនេះជារបស់ក្រុមហ៊ុនអាកាសចរណ៍រដ្ឋកូឡុំប៊ី និងបានហោះចេញពីទីក្រុងគូគូតា (Cucuta) ជិតព្រំដែន។ កំពុងហោះសុខៗស្រាប់តែដាច់ការទាក់ទងគ្នានៅវេលាម៉ោង១៧:០០ម៉ោងសាកល។ ពោលគឺមុនពេលយន្តហោះនេះត្រៀមចុះចតនៅទីក្រុងអូកាណា (Ocana) ប្រទេសកូឡុំប៊ីតែបន្តិចប៉ុណ្ណោះ។ មន្ត្រីអាកាសចរណ៍ម្នាក់ប្រាប់អាអែហ្វប៉េថាគេមិនអាចរកឃើញអ្នកដែលនៅរស់រានមានជីវិតពីហេតុការណ៍នេះទេ។ លោកថ្លែងបន្តទៀតថានៅក្នុងយន្តហោះនោះមានអ្នកដំណើរ១៣នាក់ និងបុគ្គលិក២នាក់។

គួរកត់សម្គាល់ថាគូគូតា (Cucuta) ជាតំបន់ភ្នំ និងមានអាកាសធាតុប្រែប្រួលមិនទៀង។ ម៉្យាងទៀត តំបន់នេះគ្រប់គ្រងដោយក្រុមឧទ្ទាម។ រដ្ឋាភិបាលបានបញ្ជូនកងទ័ពអាកាសទៅស្វែងរកកន្លែងធ្លាក់យន្តហោះនោះហើយដើម្បីប្រមូលសាកសពជនរងគ្រោះ។ គេគិតថាអ្នកតំណាងរាស្ត្រម្នាក់ និងបេក្ខជនអ្នកតំណាងរាស្ត្រម្នាក់ទៀតទំនងជាស្ថិតនៅក្នុងយន្តហោះនេះដែរ។

លោកវីលមើ ការីឡូ (Wilmer Carrillo) ជាអ្នកតំណាងរាស្ត្រកូឡុំប៊ីម្នាក់ប្រាប់ថាយើងទទួលដំណឹងដ៏គួរឱ្យសោកស្ដាយមួយថាមានករណីធ្លាក់យន្តហោះដែលមានមិត្តភក្ដិរបស់គាត់ និងក្រុមការងាររបស់ពួកគេស្ថិតនៅក្នុងនោះ។ យន្តហោះដែលធ្លាក់នោះម៉ាកប៊ីចក្រាហ្វ ១០០ (Beechcraft 1900) មានម៉ាស៊ីនពីរ៕ ប្រភព៖ សារព័ត៌មានឡឺម៉ុង និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ