រាជធានីភ្នំពេញ ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើង បណ្ដាលឲ្យមានការឆាបឆេះរោងកម្មករស្នាក់នៅក្នុងបរិវេណផ្ទះវីឡាមួយកន្លែងសន្ធោសន្ធៅ ហើយទោះបីជាអ្នកស្នាក់នៅទីនោះ ខំប្រឹងនាំគ្នាប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់យ៉ាងណា ក៏មិនរលត់ដែរ ទាល់តែមានការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ ទើបភ្លើងរលត់ទៅវិញទាំងស្រុង ។
គ្រោះអគ្គិភ័យនោះ បានកើតឡើងនៅវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅជិតវត្តអង្គតាមិញ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេនៅពុំទាន់ដឹងថា ការឆេះរោងកម្មករស្នាក់នៅនោះខាតបង់អ្វីខ្លះ និងទំហំ នៃការខូចខាតគិតជាទឹកប្រាក់ប៉ុន្មាននោះទេ ប៉ុន្តែទិដ្ឋភាព នៃការឆាបឆេះខ្លាំងគួរសមដែរ ដោយមានអណ្ដាតភ្លើងក្រហមច្រាល និងមានផ្សែងខ្មៅឃ្មួលខ្មាញ់ហុយឡើងលើកប់អាកាស ។
ប្រជាពលរដ្ឋបាននិយាយថា នៅវេលាកើតហេតុខាងលើ ពួកគាត់បានឃើញមានផ្សែងហុយចេញពីកន្លែងកើតហេតុខាងលើនោះយ៉ាងខ្លាំង ហើយដំបូងឡើយពួកគាត់មើលពីចម្ងាយស្មានថា ភ្លើងឆេះឃ្លាំង ឬឆេះផ្ទះផ្សេងទេ ព្រោះនៅតំបន់នោះសម្បូរឃ្លាំងដែរ ប៉ុន្តែពេលទៅមើលជិត ទើបដឹងថា ឆេះរោងកម្មករស្នាក់នៅ ក្នុងបរិវេណផ្ទះវីឡាខាងលើនោះ ហើយពេលនោះពួកគាត់បានត្រឹមតែឈរមើលពីខាងក្រៅប៉ុណ្ណោះ មិនហ៊ានចូលទៅជិតនោះទេ ។
សមត្ថកិច្ចបានប្រាប់ថា ការឆាបឆេះនេះ សង្ស័យផ្ដើមចេញពីហេតុការណ៍ឆ្លងចរន្តអគ្គិសនី ហើយពេលឆេះភ្លាម អ្នកស្នាក់នៅទីនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ភ្លាមដែរ ប៉ុន្តែពន្លត់អត់ឈ្នះទេ ព្រោះភ្លើងឆេះខ្លាំង។ បន្ទាប់មកកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ព្រមទាំងកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ពន្លត់ភ្លើងទើបរលត់ទៅវិញទាំងស្រុង ៕







ចែករំលែកព័តមាននេះ