ទីក្រុងសេអ៊ូល៖ អតីតជំទាវទីមួយកូរ៉េខាងត្បូង និងជាភរិយារបស់លោកយូនស៊ុកយូល ត្រូវតុលាការសាលាដំបូងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ២០ខែពីបទទទួលសំណូកជាកាបូបថ្លៃៗ និងបន្តោងខ្សែកពេជ្រពីមន្ត្រីនៃអង្គការយូនីហ្វ៊ីខេសិន ឆឺច (Unification Church) ដើម្បីជាថ្នូរនឹងការទទួលបានការយោគយល់ផ្នែកនយោបាយពីស្វាមីរបស់លោកស្រី។

ចំពោះការចោទប្រកាន់ដទៃទៀតដូចជាការកែប្រែតម្លៃភាគហ៊ុន និងការធ្វើខុសនឹងច្បាប់ស្ដីពីមូលនិធិនយោបាយត្រូវតុលាការទម្លាក់ចោលវិញព្រោះគ្មានភស្តុតាងគ្រប់គ្រាន់។ សារព័ត៌មានចុះផ្សាយថារដ្ឋអាជ្ញានឹងដាក់ពាក្យប្ដឹងជំទាស់នឹងការទម្លាក់ចោលការចោទប្រកាន់ទាំងនេះ។ ចំណែកលោកស្រីគីមក៏មានសិទ្ធិប្ដឹងទាស់ទៅសាលាឧទ្ធរណ៍នៅក្នុងសំណុំរឿងទទួលសំណូកផងដែរ។

ក្រៅពីការកាត់ទោសដូចខាងលើនេះ តុលាការបង្គាប់ឱ្យលោកស្រីបង់ថ្លៃពិន័យ១២,៨លានវុន និងរឹបអូសខ្សែកពេជ្រ។ លោកស្រីគីមត្រូវបានជាប់ឃុំចាប់តាំងពីខែសីហា ឆ្នាំ២០២៥ក្រោមហេតុផលថាបើបណ្ដោយឱ្យលោកស្រីដើរហើរដោយសេរីស្រេចតែនឹងចិត្ត លោកស្រីអាចនឹងបំផ្លាញភស្តុតាងចោល។ កាលពីមុននេះ រដ្ឋអាជ្ញាបានស្នើសុំឱ្យតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ១៥ឆ្នាំ និងពិន័យជាប្រាក់២,៩ពាន់លានវុនបើសិនលោកស្រីមានទោសគ្រប់ករណីចោទ។

លោកស្រីគីមស្លៀកពាក់ឈុតខ្មៅ, ពាក់ម៉ាស់ និងត្រូវអនុរក្សពន្ធនាគារបណ្ដើរចូលសវនាការ។ សេចក្ដីប្រកាសរបស់មេធាវីលោកស្រីមានសេចក្ដីថាលោកស្រីសូមទទួលយកមតិរិះគន់ពីតុលាការ និងសូមអភ័យទោសចំពោះសាធារណមតិដែលលោកស្រីធ្វើឱ្យពួកគេបារម្ភ។ ក្រុមអ្នកគាំទ្រលោកស្រីដែលសុខចិត្តទ្រាំរងានឹងសីតុណ្ហភាពដ៏ត្រជាក់នៅខាងក្រៅតុលាការ ពួកគេស្រែកហ៊ោរកញ្ជ្រៀវយ៉ាងកងរំពងបន្ទាប់ពីដឹងថាសំណុំរឿងចោទប្រកាន់២ករណីទៀតត្រូវតុលាការទម្លាក់ចោល៕ ប្រភព៖ អេភី និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ