ទីក្រុងតូក្យូ៖ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅប្រទេសជប៉ុនអាណត្តិថ្មី ស្ថានបេសកកម្មការទូតជប៉ុនទូទាំងសាកលលោក រួមទាំងមណ្ឌលបោះឆ្នោតនៅជប៉ុនចាប់ផ្ដើមទទួលសន្លឹកឆ្នោតពីថ្ងៃនេះតទៅជាលក្ខណៈបោះឆ្នោតមុនកាលកំណត់។ ជប៉ុនបង្កើតមណ្ឌលបោះឆ្នោតនៅបរទេសចំនួន២៣៣កន្លែងដែលស្ថិតនៅក្នុងស្ថានទូត និងស្ថានកុងស៊ុលដើម្បីទទួលសន្លឹកឆ្នោតពីអ្នកចុះឈ្មោះជាង១សែននាក់នៅក្រៅប្រទេស។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល។

នៅស្ថានទូតជប៉ុនប្រចាំទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និស្សិតបញ្ចប់បរិញ្ញាបត្រម្នាក់ឈ្មោះណាអូយ៉ា ម៉ាអេដា (Naoya Maeda) បានធ្វើដំណើរទៅដល់ទីនោះនៅម៉ោង៩:៣០ព្រឹក។ និស្សិតរូបនេះសង្ឃឹមថាអ្នកនយោបាយនឹងស្ដាប់មតិរបស់ប្រជាជនដែលជាម្ចាស់ឆ្នោត។ រាល់ពេលដែលខ្ញុំធ្វើដំណើរទៅជប៉ុនពេលណា ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលនឹងទំនិញឡើងថ្លៃគ្រប់មុខទាំងអស់។

ម៉ាអេដានិយាយបន្ថែមទៀតថាក្នុងនាមជាជនបរទេសនៅប្រទេសកូរ៉េខាងត្បូង ខ្លួនចាប់អារម្មណ៍នឹងគោលនយោបាយដែលស្រដៀងគ្នា ហើយខ្លួនមិនអាចគាំទ្រគណបក្សនយោបាយណាដែលមានទស្សនៈខុសពីគេឯងបានឡើយ។ ចំណែកជនជាតិជប៉ុនម្នាក់ទៀតឈ្មោះសេអ៊ីជិ ហ៊្វូណាម៉ូតុ (Seiji Funamoto) វ័យ៧៤ឆ្នាំរស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ប្រាប់ថាលោកឱ្យតម្លៃខ្ពស់ចំពោះគោលនយោបាយស្ដីពីជនជាតិបរទេស ឧទាហរណ៍ដូចជាច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លីជាដើម។

លោកតាជនជាតិជប៉ុនរូបនេះថ្លែងបន្តទៀតថាលោកចង់ឱ្យជប៉ុនឆ្លើយតបរឿងនេះដោយម៉ឺងម៉ាត់ទោះបីទទួលរងសម្ពាធពីប្រទេសដទៃរួមទាំងប្រទេសចិនផងដែរ។ គាត់ប្រាប់ថាគាត់ទៅបោះឆ្នោតនៅស្ថានកុងស៊ុលជប៉ុន។ ប្រជាជននៅប្រទេសជប៉ុនក៏អាចទៅបោះឆ្នោតនៅតាមមណ្ឌលរបស់ខ្លួនផងដែរបើពួកគេមិនអាចទៅបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ៕ ប្រភព៖ ក្យូដូ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ