ទីក្រុងឡាស់វេហ្កាស់៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស ប្រ៊ីតធីស អ៊ែវេ (British Airways) ជើងហោះហើរ BA274 បានរបូតកង់មួយនៅពេលហោះឡើងទៅលើអាកាស។ នៅពេលនោះ យន្តហោះបានចាកចេញដំណើរពីអាកាសយានដ្ឋានហារី រ៉េត (Harry Reid) នៃទីក្រុងឡាស់វេហ្កាស់ ប្រទេសអាមេរិក។ កង់ដែលរបូតនោះស្ថិតនៅជើងយន្តហោះផ្នែកខាងស្ដាំ។

ហេតុការណ៍របូតកង់យន្តហោះនោះកើតឡើងនៅម៉ោង៩:០៦យប់នៅពេលយន្តហោះចាប់ផ្ដើមលើកកង់ឡើង។ យន្តហោះនេះត្រូវបន្តដំណើរទៅអាកាសយានដ្ឋានហ៊ីតស្រ៊ូ (Heathrow) ប្រទេសអង់គ្លេស។ ឧបទ្ទវហេតុរបូតកង់យន្តហោះនោះត្រូវបានថតជាប់ដោយកាមេរ៉ានៅព្រលានយន្តហោះ និងផ្សព្វផ្សាយដោយហ្វ្លាយរ៉ាដា២៤ (Flightradar24) ជាគេហទំព័រតាមដានការហោះហើរ។

គេហទំព័រខាងលើនេះផ្សព្វផ្សាយថានៅពេលយន្តហោះហើបកង់ផុតពីផ្លូវហោះហើរប្រហែល៤០វិនាទី គេឃើញបែកផ្កាភ្លើងចេញពីជើងយន្តហោះខាងស្ដាំ។ នៅក្នុងវីឌីអូឃ្លីបនោះ គេឃើញជើងយន្តហោះរត់នៅលើផ្លូវបែកផ្កាភ្លើងព្រាកៗនៅពេលហោះចេញពីព្រលាន។ ក្រោយមក គេឃើញកង់ខាងស្ដាំរបូតចេញពីយន្តហោះ និងធ្លាក់ចុះមកក្រោម។ ប៉ុន្តែយន្តហោះនៅតែបន្តដំណើរទៅមុខជានិច្ច។

ហ្វ្លាយរ៉ាដា២៤រាយការណ៍ថានៅឯព្រលានយន្តហោះនៃទីក្រុងឡាស់វេហ្កាស់នោះគ្មាននរណាម្នាក់រងរបួសដោយសារឧបទ្ទវហេតុនេះទេ។ រយៈពេល៩ម៉ោង និង១៧នាទីក្រោយមក យន្តហោះចុះចតនៅទីក្រុងឡុងដោយសុវត្ថិភាព និងគ្មានភាពរអាក់រអួលឡើយ។ យន្តហោះនោះម៉ាកអ៊ែបឺសអា៣៥០-១០០០ (A350-1000)។ ជើងយន្តហោះខាងឆ្វេង និងខាងស្ដាំម្ខាងៗមានកង់ចំនួន៦៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ