ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋ​កិច្ច​,នយោ​បាយ

5 ម៉ោង មុន

ទី​ក្រុង​ឡុង៖ នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស លោក​ខៀ​ស្តាមើ ត្រៀម​ចាក​ចេញ​ដំណើរ​ទៅ​ទី​ក្រុង​ប៉េ​កាំង​​ ប្រទេស​ចិន ​ដើម្បី​បំពេញ​ទស្សន​កិច្ច​នៅ​ទី​នោះ​ និង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​នយោ​បាយ​ និង​ធុរ​កិច្ច​ជា​មួយ​ប្រទេស​ចិន​។ ដំណើរ​ទស្ស​ន​កិច្ច​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ជម្លោះ​រវាង​ក្រុម​បស្ចិម​ប្រទេស​ និង​អាមេរិក​ចាប់​ផ្ដើម​កើត​មាន​ឡើង​កាន់​តែខ្លាំង​។…

ទី​ក្រុង​ឡុង៖ នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស លោក​ខៀ​ស្តាមើ ត្រៀម​ចាក​ចេញ​ដំណើរ​ទៅ​ទី​ក្រុង​ប៉េ​កាំង​​ ប្រទេស​ចិន ​ដើម្បី​បំពេញ​ទស្សន​កិច្ច​នៅ​ទី​នោះ​ និង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​នយោ​បាយ​ និង​ធុរ​កិច្ច​ជា​មួយ​ប្រទេស​ចិន​។ ដំណើរ​ទស្ស​ន​កិច្ច​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ជម្លោះ​រវាង​ក្រុម​បស្ចិម​ប្រទេស​ និង​អាមេរិក​ចាប់​ផ្ដើម​កើត​មាន​ឡើង​កាន់​តែខ្លាំង​។ ​លោក​ស្តាមើ​ថ្លែង​ថា​អង់​គ្លេស​មិន​អាច​បោះ​បង់​ចោល​ឱកាស​សេដ្ឋ​កិច្ច​ដែល​បង្ហាញ​ដោយ​ប្រទេស​ចិន​បាន​ឡើយ​ក្នុងនាម​ចិន​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​ទី​២​នៅ​លើ​ពិ​ភពលោក​។

ទន្ទឹម​នឹង​នោះ អង់​​គ្លេស​នៅ​តែ​​​​ប្រយ័ត្ន​ប្រយែង​ជា​និច្ច​ចំពោះ​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​វា​ជា​រឿង​មិន​សម​ហេតុ​ផល​ទេ​បើ​យើង​សម្ងំ​សុខ ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ប្រទេស​ចិន​។ ដើម្បីផល​ប្រយោជន៍​របស់​យើង យើង​ត្រូវ​តែ​ចូល​​រួម​។ នេះ​ជា​ដំណើរ​ទស្សន​កិច្ច​ដ៏​សំខាន់​ក្រៃ​លែង​ ហើយ​យើង​នឹង​ខិត​ខំ​ធ្វើ​ឱ្យ​មាន​វឌ្ឍ​ន​ភាព​ដ៏​ពិត​ប្រាកដ​។​

លោក​ស្តាមើ​ទៅ​ប្រទេស​ចិន​លើក​នេះ​ក៏​មាន​​​ថ្នាក់​ដឹក​នាំ​ធុរ​កិច្ច​ជាង​៥០​នាក់​រួម​ដំណើរ​ផង​ដែរ​។ លោក​នឹង​ជួប​លោក​ស៊ី​ជីន​ពីង​ និង​លោក​លី​ឆៀង​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ បន្ទាប់​មក​ លោក​នឹង​បន្ត​ដំណើរ​ទៅ​ទី​កក្រុ​ងសៀង​ហៃ​នៅ​ថ្ងៃ​សុក្រ​។ ដំណើរ​ទស្ស​ន​កិច្ច​លើក​នេះ​អាច​ក្លាយ​ជា​បម្លាស់​ប្ដូរ​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​បន្ទាប់​ពី​មាន​ទំនាស់​នឹង​គ្នា​ដោយ​សារ​ការ​បង្ក្រាប​របស់អាជ្ញា​ធរ​ចិន​ទៅ​លើ​សកម្ម​ជន​ប្រជា​ធិបតេយ្យ​នៅ​ហុង​កុង, ការ​គាំទ្រ​របស់​ចិន​ចំពោះ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ និង​ការ​ចោទ​ប្រកាន់​របស់​អង់​គ្លេស​ថា​ចិន​ស៊ើប​ការណ៍​ពី​អ្នក​នយោបាយ​ និង​មន្ត្រី​រដ្ឋាភិបាល​អង់​គ្លេស​។

សម្រាប់​ប្រទេស​ចិន ដំណើរ​ទស្សន​កិច្ច​នេះ​ជា​ការ​បង្ហាញ​ថា​ប្រទេស​របស់​ខ្លួន​ជា​ដៃ​គូ​ដែល​មាន​ស្ថិរ​ភាព​ និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ពិភព​លោក​កំពុង​តែ​បាត់​បង់​សណ្ដាប់​ធ្នាប់​។​ លោក​ស្តាមើ​តែង​តែ​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក​ដែល​ទៅ​បំពេញ​ទស្សន​កិច្ច​នៅប្រទេស​ចិន។ លោក​ថា​ដំណើរ​ទស្ស​ន​កិច្ច​អាច​ជួយ​ឱ្យ​លោក​ធ្វើ​ផែន​ការ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ និង​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ពល​រដ្ឋ​អង់​គ្លេស​។

ប៉ុន្តែ​យុទ្ធ​សាស្ត្រ​របស់​លោក​ធ្វើ​​ឱ្យ​មាន​មតិ​រិះ​គន់​ពី​សំណាក់​អ្នក​នយោបាយ​អង់​គ្លេស និង​អាមេរិក​។ ពួកគេ​យល់​ថា​លោក​ស្តាមើ​មើល​ស្រាល​ការ​គំរាម​កំហែង​របស់​ចិន​ទៅ​លើ​​​សន្តិ​សុខ​ជាតិ​។ ​លោក​ស្តាមើ​ចង់​ផ្ដាច់​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​ការ​ធ្វើ​អត្ថា​ធិប្បាយ​របស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា​នៅ​ឯ​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​នៅ​ទី​ក្រុង​ដាវ៉ូស​ ប្រទេស​ស្វីស​ កាល​ពី​សប្ដាហ៍​មុន​។

លោក​ខានី​ថ្លែង​ថា​សណ្ដាប់​ធ្នាប់​ពិភព​លោក​ដែល​ផ្អែក​លើ​វិធាន​ជា​​គោល​នោះ​ឥឡូវ​នេះ​លែង​​មាន​ត​ទៅ​ទៀត​ហើយ​ វា​មាន​តែ​នៅ​ក្នុង​អតីត​កាល​ប៉ុណ្ណោះ​។ លោក​ខានី​ថែម​ទាំង​អំពាវ​នាវ​ឱ្យ​បណ្ដា​ប្រទេស​ដែល​មាន​អំណាច​មធ្យម​ខិត​ខំ​សហ​ការ​គ្នា​ដើម្បី​កុំ​ឱ្យ​ក្លាយ​ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​អនុត្ត​រ​ភាព​និយម​របស់​អាមេរិក​។ លោក​ស្តាមើ​ថ្លែង​ថា​លោក​ជា​អ្នក​ប្រតិ​បត្តិ​និយម​ម្នាក់​។ អ្នក​ប្រតិ​បត្តិ​និយម​តាម​បែប​អង់​គ្លេស​ធ្វើ​អ្វី​ដែល​សម​ហេតុ​ផល​។ លោក​ចង់​ច្រាន​ចោល​គំនិត​ដែល​ថា​រដ្ឋាភិបាល​របស់​លោក​ត្រូវ​តែ​ជ្រើស​រើស​រវាង​អាមេរិក និង​អឺរ៉ុប​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ