ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យ​និង​រឹ.តកកម្មករ​សំណង់​ដូច​គ្នា​ប៉ង​សម្លា.ប់ តែ​មិន​ស្លា.ប់​ គេចខ្លួន​៣​ថ្ងៃ​ ទីបំផុត​ជា.ប់​ខ្នោះ​៣​នាក់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​មាន​សមាសភាព​ជា​កម្មករ​សំណង់ បាន​ធ្វើ​សកម្មភាព​វាយ​និង​រឹត ក បុរស​ម្នាក់​ទៀត​ដែល​ជា​កម្មករ​សំណង់​ដូច​គ្នា ប៉ុនប៉ង​ផ្ដាច់ជីវិត​តែ​ម្ដង ប៉ុន្តែ​ជន​រង​គ្រោះ​ជីវិត​ថ្លៃ​អត់​ស្លាប់ គ្រាន់តែ​រង​របួសធ្ងន់​និង​សន្លប់​ធំ ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​មាន​សមាសភាព​ជា​កម្មករ​សំណង់ បាន​ធ្វើ​សកម្មភាព​វាយ​និង​រឹត ក បុរស​ម្នាក់​ទៀត​ដែល​ជា​កម្មករ​សំណង់​ដូច​គ្នា ប៉ុនប៉ង​ផ្ដាច់ជីវិត​តែ​ម្ដង ប៉ុន្តែ​ជន​រង​គ្រោះ​ជីវិត​ថ្លៃ​អត់​ស្លាប់ គ្រាន់តែ​រង​របួសធ្ងន់​និង​សន្លប់​ធំ ប៉ុណ្ណោះ ។ លុះ​ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បានដឹង​ខ្លួន​ឡើង​វិញ ជន​រង​គ្រោះ​ក៏​បាន​និយាយ​ប្រាប់​ឈ្មោះ​ជន​ដៃដល់​ឲ្យ​ម្ដាយមីង​បានដឹង ។ បន្ទាប់​មក​ស្ត្រី​ជា​ម្ដាយមីង ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​កន្ទោក ហើយ​នគរបាល​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​៣​នាក់​ខាងលើ ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​នា​វេលា​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុង​ការដ្ឋាន​សំណង់ ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ថ្កុ​ល សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ដោយ​កងកម្លាំង​នគរបាល​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ក្រុង​សំពៅ​ពូន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ។

ជនសង្ស័យ​ទាំង​០៣​នាក់​នោះ​រួម​១-​ឈ្មោះ ងួ​ន កក្កដា ហៅ ឆៃ ភេទ​ប្រុស អាយុប្រមាណ​៣១​ឆ្នាំ ២-​ឈ្មោះ មិន វ​ណ្ណី ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ៣-​ឈ្មោះ រ៉​ន ប៊ុ​ន​ងុ​ង ហៅ​ត្រេ​ន អាយុ ១៨​ឆ្នាំ មានមុខរ​បរជា​កម្មករ​សំណង់ ទាំង​៣​នាក់ ហើយ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ដោយឡែក​បុរស​ដែល​ជា​ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ រីឯ​មូលហេតុ​ដែល​ជនសង្ស័យ​ព្រួត​គ្នា​វាយ​ផង​រឹត ក ផង ប៉ុនប៉ង​សម្លាប់​ជន​រង​គ្រោះ​នោះ ក៏​សមត្ថកិច្ច​ពុំ​ទាន់​បាន​ទម្លាយ​ប្រាប់​ឲ្យ​ដឹង​នោះ​ដែរ ដោយ​ប្រាប់​ថា​កំពុង​សួរនាំ ។

ស្ត្រី​ឈ្មោះ ម៉​ន ឈួ​ន ត្រូវជា​ម្ដាយមីង​ជន​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា គាត់​មិន​បានឃើញ​ក្រុម​ជនសង្ស័យ​ខាងលើ​វាយ​ក្មួយ​ប្រុស​គាត់​ដោយ​ផ្ទាល់​ភ្នែក​នោះ​ទេ ប៉ុន្តែ​កាលពី​វេលា​ម៉ោង​ប្រហែល ០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ ខណៈ​គាត់​កំពុង​នៅ​ក្នុង​បន្ទប់​ជួល​ជាប់​នឹង​ការដ្ឋាន​សំណង់​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ស្រាប់តែ​មាន​គេ​ប្រាប់​ថា​«​ក្មួយ​ប្រុស​រប​សស់​គាត់​ត្រូវ​បាន​គេ​វាយ ហើយ​ហូរ​ឈាម​ពេញ​ផ្ទៃមុខ និង​សន្លប់​ស្ដូកស្ដឹង​» បន្ទាប់​មក​គាត់​ក៏​បាន​ចេញ​ទៅ​មើល ហើយ​ក៏​បានឃើញ​ក្មួយ​ប្រុស​មាន​ឈាម​ហូរ​ពេញ​មុខ និង​សន្លប់​ពិតមែន ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​បញ្ជូន​ក្មួយ​ប្រុស​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ម្ដាយមីង​រូប​នោះ​បាន​ប្រាប់​នគរបាល​បន្ត​ថា ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ក្មួយ​ប្រុស​គាត់​ក៏​បានដឹង​ខ្លួន​ឡើង​វិញ រួច​និយាយ​បាន​ខ្លះ​ៗ និង​ប្រាប់​គាត់​ថា​«​ឈ្មោះ​ឆៃ និង​បក្ខពួក ០២​នាក់​ទៀត បាន​ចូល​វាយ​ក្នុង​ពេល​ខ្លួន​កំពុង​ដេក​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ » ។ ក្រោយ​ពី​ក្មួយ​រៀបរាប់​ប្រាប់​បែប​នេះ ទើប​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦ គាត់​ក៏​បាន​ធ្វើ​ជា​តំណាង​ឲ្យ​ក្មួយ​ប្រុស​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ខាងលើ​រួច​នគរបាល​ប៉ុស្តិ៍​កន្ទោក និង​នគរបាល​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦ បាន​សហការ​ជាមួយ​នគរបាល​ក្រុង​សំពៅ​ពូន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ។ ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់ ភូមិ​កំពង់​ថ្កុ​ល សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល រួច​នាំ​ខ្លួន​ជនសង្ស័យ​ទាំងនេះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ