រាជធានីភ្នំពេញ ៖ ការជ្រើសរើសយកបទឈប់បាញ់ មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ។
ថ្លែងក្នុងសន្នីសារព័ត៌មាននាព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មានរយៈពេលមួយខែបានកន្លងផុតទៅហើយ ។
អ្នកនាំពាក្យបានដាក់សំណួរថា តើការអនុវត្តបទឈប់បាញ់រយៈពេលមួយខែកន្លងទៅនេះ សម្រេចបានលទ្ធផលអ្វីខ្លះ? ហើយតើរាជរដ្ឋាភិបាលកំពុងធ្វើអ្វីបន្តទៀត? ឯកឧត្តមបានគូសបញ្ជាក់ថា ៖ ជាបឋម យើងគួរយល់ពីអត្ថន័យនៃបទឈប់បាញ់ជាមុនសិន ។ ក្នុងសារផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ថា «ការជ្រើសរើសយកបទឈប់បាញ់មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។
ផ្ទុយទៅវិញ ការសម្រេចចិត្តនេះបង្ហាញថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ»។
ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយភាគីថៃ ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយ ដែលមានជាធរមាន ។
អ្នកនាំពាក្យបានបន្ថែមថា ៖ តាមរយៈអត្ថន័យនេះ យើងអាចយល់បានថា បទឈប់បាញ់គឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីបញ្ចៀសការស្លា.ប់ ការរងរបួស និងការខូចខាតផ្សេងទៀត ដែលកើតចេញពីការប្រយុទ្ធគ្នាដោយអាវុធ ពីព្រោះប្រជាជនកម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់ច្បាស់ណាស់នូវរសជាតិសង្គ្រាម ។ នេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជា កិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដែលភាគីទាំងពីរបានឯកភាពជាមួយគ្នាកាលពីពេលកន្លងទៅ ក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។
ឯកឧត្តមលើកឡើងទៀតថា ក្រៅពីបទឈប់បាញ់ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលធំជាងគេបំផុត សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានឈានដល់ការដោះលែងយោធិនកម្ពុជា១៨នាក់ ឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។
រយៈពេលមួយខែចុងក្រោយនេះដែរ ជនភៀសសឹកជាង៨០% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ។ នៅសល់ជនភៀសសឹកប្រមាណជា ១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ។ អ្នកនាំពាក្យបានលើកឡើងបញ្ជាក់ថា ជនភៀសសឹកទាំងអស់ ទាំងអ្នកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលកំពុងបន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ បានទទួលការយកចិត្តទុកដាក់មើលថែទាំគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល ។
ជាមួយគ្នានោះដែរឯកឧត្តមបានលើកឡើងថាបទឈប់បាញ់រយៈពេលមួយខែនេះ ក៏បានផ្តល់ឱកាសដល់ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានចុះបំពេញការងារដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃ ដើម្បីជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរងការខូចខាតឱ្យបានឆាប់បំផុតផងដែរ។
ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដឹកនាំអង្គទូត អង្គការអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីបានឃើញការពិតអំពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់រងគ្រោះ និងពិនិត្យផ្ទៀងផ្ទាត់ និងរាយការណ៍អំពីផលប៉ះពាល់ដែលកើតចេញពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់យោធាថៃលើទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាន និងកំពុងជំរុញភាគីថៃឱ្យអនុវត្តតាមស្មារតីចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលចែងថា «រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន…»៕
ចែករំលែកព័តមាននេះ