ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០២:៣០នាទីរសៀល គណៈកម្មការថ្នាក់ខេត្តបានបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតដែលគ្រប់លក្ខខណ្ឌ ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនាប្រធាន
ពន្ធនាគារខេត្ត ព្រមទាំងក្រុមការងារប្រឡង ប្រណាំងពន្ធនាគារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីបានពិនិត្យយ៉ាងល្អិតល្អន់ទៅតាមលក្ខណៈវិនិច្ឆ័យ ច្បាប់ និងបទដ្ឋានបច្ចេកទេសគណៈកម្មការថ្នាក់ខេត្តបានសម្រេចឯកភាពបញ្ចូលឈ្មោះទណ្ឌិតសរុបចំនួន ១០នាក់ (ស្រី ០២នាក់) ដើម្បីបញ្ជូនទៅកាន់គណៈកម្មការថ្នាក់ជាតិ ក្នុងឱកាសបុណ្យសំខាន់ៗខាងមុខ រួមមាន៖ព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៖ ចំនួន ០៥នាក់ (ស្រី ០០នាក់)។ពិធីបុណ្យវិសាខបូជា៖ ចំនួន ០៥នាក់ (ស្រី ០២នាក់)។
ទាក់ទងការពិនិត្យវាយតម្លៃនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ទណ្ឌិតដែលបានកែខ្លួន និងខិតខំរៀនសូត្រ តាមរយៈការអនុវត្តវិន័យបានល្អក្នុងអំឡុងពេលអនុវត្តទោសក្នុងពន្ធនាគារ ដើម្បីឱ្យពួកគេមានឱកាសត្រឡប់ទៅរួមរស់ជាមួយគ្រួសារ និងក្លាយជាពលរដ្ឋល្អក្នុងសង្គមវិញ៕



ចែករំលែកព័តមាននេះ