ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចង់លេងល្បិច ! កងកម្លាំងចម្រុះរកឃើញការដាក់ឧបករណ៍នេសាទបន្លំភ្នែកសមត្ថកិច្ចនៅតំបន់កោះតាបរ

1 នាទី មុន

ខេត្តកំពង់ធំ ៖ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់​ថា នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​ប្រើ​ល្បិច​នេសាទ​ខុសច្បាប់ ដោយ​ដាក់​ឧបករណ៍​បន្លំ​ជាមួយ​ឧបករណ៍​ស្របច្បាប់ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។ ជាក់ស្តែង​បើ​យោង​តាម​ផេ​ក…

ខេត្តកំពង់ធំ ៖ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់​ថា នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​ប្រើ​ល្បិច​នេសាទ​ខុសច្បាប់ ដោយ​ដាក់​ឧបករណ៍​បន្លំ​ជាមួយ​ឧបករណ៍​ស្របច្បាប់ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួម​ជាមួយ​កងកម្លាំង​ចម្រុះ ត្រួតពិនិត្យ​ស្ថានភាព​ការ​ដាក់​ឧបករណ៍​នេសាទ​ស្របច្បាប់ និង​មិន​ស្របច្បាប់ នៅ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុង​នោះ​ដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​ថា ៖ បច្ចុប្បន្ន​នេះ ការ​ដាក់​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​បឹង​ទន្លេសាប ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។ បងប្អូន​ប្រជា​នេសាទ​ភាគច្រើន បាន​គោរព និង​អនុវត្ត​តាម​ច្បាប់​ស្ដី​ពី​ជលផល​ថ្មី ។ តែ​ក៏​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ដែល​នៅ​តែ​បំពាន ក្នុង​ការ​លប​លួច​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត នៅ​តែ​មាន​ល្បិច​កល ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់ ដាក់​បន្លំ​ជាមួយ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ដែល​ច្បាប់​បាន​ហាមឃាត់ ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច តែ​ត្រូវ​បាន​កងកម្លាំង​ចម្រុះ​រក​ឃើញ និង​បំផ្លាញ​ចោល ។

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃនេះ កងកម្លាំង​ចម្រុះ​បាន​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុសច្បាប់ បាន​មួយ​ករណី នៅ​តំបន់​កោះ​តាបរ ដែល​ដាក់​បន្លំ​ជាមួយ​ឧបករណ៍​នេសាទ​ស្របច្បាប់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និង​កងកម្លាំង​ចម្រុះ បាន​ប្ដេជ្ញា​ចិត្ត​ដាច់ខាត បន្ត​គោរព​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​កង​យោធពលខេមរភូមិន្ទ ព្រមទាំង​ការ​ណែនាំ​និង​ដឹកនាំ​ដោយ​ផ្ទាល់​ពី​ឯកឧត្តម នួន ផា​រ័​ត្ន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ