រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ បានបង្ហាញពីវឌ្ឍនភាពវិជ្ជមាននៃការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក បន្ទាប់ពីស្ថានភាពសន្តិសុខមានភាពល្អប្រសើរឡើងជាលំដាប់ ។
ក្រសួងមហាផ្ទៃ បានប្រកាសនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះថា មានពលរដ្ឋភៀសសឹក៩៩២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ។
ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុប ជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជាង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ ។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន១១៣.០៤០នាក់ទៀត ក្នុងនោះស្រី្តមាន៥៩.១៥៩នាក់ និងកុមារ៣៧.០៨៨នាក់ ។
សូមបញ្ជាក់ថា យន្តការសម្របសម្រួលសម្រាប់ការវិលត្រឡប់ ក៏ដូចជាការផ្តល់ជំនួយស្តារសម្បទាឡើងវិញនៅតាមសហគមន៍ដើម ក៏កំពុងត្រូវបានជំរុញឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាថាពលរដ្ឋទាំងអស់អាចវិលត្រឡប់ទៅរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរក្នុងពេលឆាប់ៗខាងមុខនេះ ៕
ចែករំលែកព័តមាននេះ