ខេត្តកំពង់ស្ពឺ ៖ យុវជនជាប្អូនម្នាក់ត្រូវបានបងស្រីប្តឹងឱ្យនគរបាលឃាត់ខ្លួន ខណៈដែលទាញដាវសាម៉ូរ៉ៃកាប់ម៉ូតូរងការខូចខាត ថែមទាំងគំរាមកំហែងប្រុសសម្លាប់បងស្រីព្រោះខឹងរឿងបងដេញចេញពីផ្ទះ។
ការឃាត់ខ្លួនយុវជនជាប្អូនកំហែងគំរាមថានិងសម្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ (ប្រើដាវសាម៉ូរ៉ៃ)កាប់ម៉ូតូបងស្រី បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្រោយផ្ទះជនរងគ្រោះជាបង ស្ថិតនៅក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ មានជនសង្ស័យឈ្មោះ ឌុំ ឌឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកដាវសាម៉ូរ៉ៃគំរាមកំហែង ដេញកាប់សម្លាប់ និងគំរាមដុតផ្ទះរបស់ជនរងគ្រោះឈ្មោះ ឌុំ យីម ភេទស្រី អាយុ២៨ឆ្នាំជាបង រស់នៅក្នុងភូមិ-ឃុំជាមួយគ្នាតែជនរងគ្រោះបានរត់គេចទាន់ពេល។ ភ្លាមៗនោះជនសង្ស័យឈ្មោះ ឌុំ ឌឿន បានបន្តរធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JH-4354 របស់ជនរងគ្រោះឈ្មោះ ឌុំ យីមជាបងស្រី បណ្តាលឱ្យរងការខូចខាត។
នគរបាលស្រុកបសេដ្ឋបានបន្តទៀតថា ក្រោយកើតហេតុភ្លាមៗជនរងគ្រោះជាបងស្រីមានការភ័យខ្លាចមិនហ៊ានចូលផ្ទះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំ ដើម្បីស្នើសមត្ថកិច្ចសុំឱ្យជួយអន្តរាគមន៍។ ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កំលាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកសហការជាមួយប៉ុស្តិឃុំស្វាយចចិប ចុះដល់កន្លែងកើតហេតុ កសាងសំណុំរឿងតាមនីតិវិធី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប្អូន ឈ្មោះឌុំ ឌឿន យកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ។
នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យប្អូន ថាខ្លួនពិតជាបានយកដាវសាម៉ូរ៉ៃគំរាមកំហែង សម្លាប់លើជនរងគ្រោះជាបងស្រី និងបានកាប់បំផ្លិចបំផ្លាញម៉ូតូពិតប្រាកដមែន ។
-មូលហេតុ៖ ដោយសារតែខឹងនិងជនរងគ្រោះជាបងបានដេញខ្លួនចេញពីផ្ទះមិនឱ្យនៅបន្តរទៀតនោះទេ។
បច្ចុប្បន្នយុវជនជាប្អូនត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ