អាមេរិក-អ៊ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ថ្លែងកាលពីថ្ងៃទី២៧ មករា ថា រដ្ឋអំណាចអ៊ីរ៉ង់ស្វែងរកការចរចា តែដោយធ្វើការព្រមានពីសកម្មភាពយោធាមួយ ប្រឆាំងប្រទេសនោះ ជាមួយការដាក់ពង្រាយកងនាវាចម្បាំងអាមេរិកដ៏ច្រើនក្នុងឈូងសមុទ្រពែរ្ស៍ ។

ទន្ទឹមនឹងនេះដែរ ការចាប់ខ្លួនមនុស្សនៅបន្ត កាលពីថ្ងៃទី២៧ មករា នៅអ៊ីរ៉ង់ ក្រោយបាតុកម្មហិង្សាតាំងពីដើមខែមករាមក ។ តាមតុល្យការចុងក្រោយរបស់អង្គការសិទ្ធិមនុស្សមួយមានមូលដ្ឋាននៅអាមេរិកថា មនុស្សយ៉ាងតិច៤១៨៨០នាក់ត្រូវចាប់ខ្លួន ហើយអ្នកតវ៉ាច្រើនពាន់នាក់ត្រូវសម្លាប់ ។
លោកត្រាំអះអាង កាលពីថ្ងៃទី២៦ មករា ថា កងនាវាចម្បាំង និងនាវាផ្ទុកយន្តហោះអាមេរិកមួយបានមកដល់ឈូងសមុទ្រពែរ្ស៍រួចហើយ ។ លោកត្រាំថា អាមេរិកមានកងនាវាចម្បាំងដ៏ច្រើននៅជិតអ៊ីរ៉ង់ គឺច្រើនជាងនៅជិតវេណេស៊ុយអេឡា ដែលកងទ័ពអាមេរិកធ្វើការវាយឆ្មក់មួយចាប់ខ្លួនប្រធានាធិបតីប្រទេសនោះលោកនីកូឡាស់ម៉ាឌូរ៉ូទៅទៀត ។
ទន្ទឹមនឹងនេះដែរ ពេលដែលប្រទេសត្រូវផ្ដាច់អ៊ីនធើរណេត ឬអ៊ីនធើរណេតបើកឲ្យប្រើមានកម្រិត ការរាប់ចំនួនអ្នកស្លាប់ដោយការបង្ក្រាបក៏នៅបន្តទោះមានការលំបាក ។ អង្គការការពារសិទ្ធិមនុស្សមួយ រៀបរាប់ពីតុល្យការថ្មីនៃអ្នកស្លាប់ថា មានដល់ជិត៦០០០នាក់ ។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ប្រកាសកាលពីសប្ដាហ៍មុនពីការចាកចេញនៃកងនាវាចម្បាំងអាមេរិក មកកាន់ឈូងសមុទ្រពែរ្ស៍ ដែលជាការគាបសង្កត់ថែមទៀតលើក្រុងតេហេរ៉ង់ ដែលលោកគំរាមវាយប្រហារជាច្រើនលើក ។

នាវាផ្ទុកយន្តហោះអាមេរិកABRAHAM LINCOLN ព្រមទាំងបណ្ដានាវាអមបានមកដល់មជ្ឈឹមបូព៌ា ដើម្បីជួយពង្រឹងសន្តិសុខនិងស្ថេរភាពតំបន់ ។ នេះជាការលើកឡើងរបស់ទីបញ្ជាការដ្ឋានយោធាកណ្ដាលអាមរិកនៅមជ្ឈឹមបូព៌ា ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកអេស្មាអ៊ីលបាហ្គៃអ៊ីមានប្រតិកម្មថា ការមកដល់នៃកងនាវាចម្បាំងអាមេរិកនោះ មិនប៉ះពាល់ដល់ការតាំងចិត្តរបស់អ៊ីរ៉ង់ឡើយ ។ ចំណែកអ្នកទទួលខុសត្រូវយោធាជាន់ខ្ពស់អ៊ីរ៉ង់មួយរូបអះអាងថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យការគំរាមកំហែងណាមួយដល់សន្តិសុខជាតិឈានដល់ដំណាក់កាលនៃការធ្វើសកម្មភាពឡើយ ៕
ចែករំលែកព័តមាននេះ