រាជធានីភ្នំពេញ ៖ អធិការរងនគរបាលខណ្ឌកំបូល១រូបទទួលផ្នែកចរាចរណ៍់ ខណៈជិះម៉ូតូឆ្លងផ្លូវបានត្រូវរថយន្តតាក់ស៊ីបុកបណ្តាលឱ្យរងរបួសធ្ងន់ ហើយរថយន្តដែលនៅសល់ល្បឿនបានបន្តទជ្រុលទៅបុកបង្គោលដែកផ្លាកចរាចរណ៍ទៀតទើបទៅមុខលែងរួច ឯអ្នកបើកបររថយន្តក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦កន្លងទៅ នៅផ្លូវជាតិលេខ៣ុមុខបុរីពិភពថ្មីគម្រោងទី១ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
អធិការរងដែលរងគ្រោះគឺលោក ហេង គីណាល់ អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លោកជិះម៉ូតូហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល ១-២៧៩៩ ចំណែករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២O-៥២១៤ ជាប្រភេទរថយន្តតាក់ស៊ី ។
ប្រភពព័ត៌មានបានឱ្យដឹងថា លោកអធិការរង ហេង គីណាល់ ជិះម៉ូតូតាមផ្លូវបេតុងពីខាងលិចទៅខាងកើត និងឆ្លងកាត់ផ្លូវជាតិលេខ៣ ។
ខណៈនោះ ស្រាប់តែមានរថយន្តសាំយ៉ុង១គ្រឿងធ្វើដំណើរតាមផ្លូវជាតិលេខ៣ ជ្រុលទៅបុកម៉ូតូ
ខ្ទាតទាំងមនុស្សនិងម៉ូតូ បណ្តាលឱ្យលោក ហេង គីណាល់ រងរបួសធ្ងន់ ត្រូវបានរថយន្តក្រុមសង្គ្រោះរបស់អង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន ព្រះកុសុមៈ ។
ចំណែករថយន្តមិនទាន់អស់ល្បឿនទេ បានជ្រុលទៅបុកបង្គោលដែកផ្លាកចរាចរណ៍ ទើបទៅមុខលែងរួច ហើយអ្នកបើកបរក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយនៅពេលក្រោយ ៕






ចែករំលែកព័តមាននេះ