រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការតម្កល់តម្លៃសន្តិភាពជាអាទិភាព និងការចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិភាពក្នុងប្រទេសក្នុងតំបន់ ក៏ដូចជាក្នុងសាកលលោក បានធ្វើឱ្យពិភពលោកនឹកឃើញដល់កម្ពុជាជានិច្ច នៅពេលដែលគេនិយាយពីសន្តិភាព ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងក្នុងសន្នីទីសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ថា សូមកត់សម្គាល់ថា គុណតម្លៃសន្តិភាពរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាសាកលមិនមែនកើតឡើងដោយចៃដន្យទេ ពោល គឺប្រទេសតូចមួយនេះបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍តាមរយៈរូបមន្តនយោបាយឈ្នះ-ឈ្នះ គ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិក និងប្រតិបត្តិករសន្តិភាព ហើយបាននាំមកនូវសន្តិភាពពេញលេញ និងការផ្សះផ្សារបង្រួបបង្រួមជាតិខ្មែរក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ ។
ឯកឧត្តមបានលើកឡើងថា កម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាព ដ៏កម្រនេះដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរផេះផង់ពីអន្លង់ឈា.ម និងទឹកភ្នែកមកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសព្វថ្ងៃ ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពចម្បងបំផុតមួយរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមគូសបញ្ជាក់ថា៖«ការតម្កល់តម្លៃសន្តិភាពជាអាទិភាព និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងប្រទេស ក្នុងតំបន់ក៏ដូចជា ក្នុងសាកលលោក បានធ្វើឱ្យពិភពលោកនឹកឃើញដល់កម្ពុជាជានិច្ច នៅពេលដែលគេនិយាយពីសន្តិភាព ។
ឯកឧត្តមបានបន្តថា អាចនិយាយបានថា ទីណាមានសកម្មភាព ដើម្បីសន្តិភាពទីនោះតែងតែមានការគាំទ្រ និងការចូលរួមចំណែកពីកម្ពុជា ។ ការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump នៅពេលនេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលបញ្ជាក់អំពីសុច្ឆន្ទៈមិនចេះរីងស្ងួតរបស់កម្ពុជាដើម្បីបុព្វហេតុសន្តិភាព ។ សក្ខីភាពនៃសុច្ឆន្ទៈស្រឡាញ់សន្តិភាពរបស់កម្ពុជាបានស្តែងឡើងជាស្រេច នៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធ ដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឱ្យស្មារតីសន្តិភាពបានផុសត្រឡែតឡើងចេញពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជា ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី តាមរយៈសម្រែកទាមទារសន្តិភាព ភាពអត់ធ្មត់ដើម្បីបញ្ចៀសសង្គ្រាម និងការងារការទូតយ៉ាងសកម្មដើម្បីស្វះស្វែងរកបទឈប់បាញ់ ។
ពាក្យសម្តីផ្សារភ្ជាប់ជាមួយសកម្មភាពជាក់ស្តែងទាំងអស់នេះ បានបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់ពីស្មារតីស្រឡាញ់សន្តិភាពពិតប្រាកដរបស់កម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា ដើម្បីសម្រេចបានសន្តិភាព ។
ឯកឧត្តមបានលើកឡើងថា ជាលទ្ធផលកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២និងដែលស្ថិតនៅជាធរមានដល់សព្វថ្ងៃ សុទ្ធសឹងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់ និងការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជាក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតនេះ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជា កិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ ។
ទន្ទឹមគ្នានេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
ចែករំលែកព័តមាននេះ