រាជធានីភ្នំពេញ ៖ មិត្តភាពជាប្រពៃណីរវាងកម្ពុជា និងវៀតណាម មិនមែនគ្រាន់តែជាទំនាក់ទំនងក្នុងភាពជាប្រទេសជិតខាង ដែលមានភូមិផងរបងជាមួយគ្នាប៉ុណ្ណោះទេ គឺថែមទាំងជាចំណងមិត្តភាពដ៏រឹងមាំមួយដែលបានបង្កើតឡើងតាមរយៈការប្រែប្រួលចុះឡើង ទៅតាមសម័យកាល នៃប្រវត្តិសាស្ត្រដែលបានលះបង់ទាំងសាច់ស្រស់ ឈាមស្រស់ របស់បុព្វបុរសជាច្រើនជំនាន់។

ដើមឆ្នាំ២០២៦នេះ ប្រទេសវៀតណាមកំពុងឈានជើងចូលដល់យុគសម័យថ្មី ជាយុគសម័យនៃការអភិវឌ្ឍ បន្ទាប់ពីមហាសន្និបាតបក្សលើកទី១៤ នៃបក្សកុម្មុយនីស្តវៀតណាម ហើយកម្ពុជាក៏នឹងមានទំនុកចិត្ត និងសុទិដ្ឋិនិយម កាន់តែខ្ពស់នៅក្នុងទំនាក់ទំនងរបស់ខ្លួន ដោយឈរលើស្មារតីនៃ«ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលប្រទេសយើងទាំងពីរបានឯកភាព ។
មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម គឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុង «យុគសម័យនៃការអភិវឌ្ឍ» នាដើមឆ្នាំ២០២៦ ប្រជាជនវៀតណាមបានស្វាគមន៍យ៉ាងរីករាយកក់ក្តៅនូវព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រជាជាតិទាំងមូល គឺមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនីស្តវៀតណាម។ នេះមិនត្រឹមតែជាមហសន្និបាត ដើម្បីធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាដែលវៀតណាមបង្កើត និងដាក់ចេញចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់ខ្លួន រហូតដល់ឆ្នាំ ២០៣០ ដែលជាខួបលើកទី១០០នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម និងចក្ខុវិស័យសម្រាប់ឆ្នាំ២០៤៥ ដែលជាខួបលើកទី១០០នៃការបង្កើតប្រទេសវៀតណាម ។
មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនីស្តវៀតណាមបានប្រព្រឹត្តទៅ ក្នុងបរិយាកាសនៃឯកភាពជាតិប្រជាធិបតេយ្យ និងពុទ្ធិ ។ លទ្ធផលនៃមហាសន្និបាត បានបញ្ជាក់ពីភាពស៊ីសង្វាក់គ្នាទាំងទ្រឹស្តី និងការអនុវត្តនៅក្នុងប្រទេសវៀតណាម ដោយបានដាក់ចេញគោលដៅអភិវឌ្ឍន៍ ដើម្បីប្រែក្លាយប្រទេសវៀតណាម ទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ តាមទិសដៅសង្គមនិយម ហើយជ្រើសរើសបានគណៈកម្មាធិការកណ្តាលថ្មី ដែលមានសមាសភាពសុទ្ធតែជាបុគ្គលឆ្នើមៗ ដែលមានទាំងគុណធម៌ និងទេពកោសល្យ មកដឹកនាំប្រទេសវៀតណាម នៅក្នុងបរិបទដែល ស្ថានភាពភូមិសាស្ត្រនយោបាយសកល កំពុងប្រែប្រួលពិបាកស្មាន។
លទ្ធផលនៃមហាសន្និបាតលើកទី១៤ ក៏បានបង្ហាញសារដ៏ច្បាស់លាស់មួយផងដែរថា៖ ប្រទេសវៀតណាមបានឈានជើងចូលដល់ «យុគសម័យនៃការអភិវឌ្ឍ» ប្រកបដោយទំនុកចិត្តលើកម្លាំងនយោបាយផ្ទៃក្នុង និងភាពសកម្មរបស់ខ្លួនក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ។ ភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ មិនត្រឹមតែជាភាពជោគជ័យសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ គឺថែមទាំងអាចជួយធានាឱ្យបាននូវស្ថិរភាព និងការអភិវឌ្ឍសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ ។

គោលនយោបាយការបរទេសរបស់វៀតណាម ផ្តល់អាទិភាពចម្បងចំពោះប្រទេសជិតខាងនៅក្នុងឯកសារដែលបានអនុម័តនៅក្នុងមហាសន្និបាតលើកទី១៤ គឺគោលនយោបាយការបរទេសរបស់វៀតណាមនៅតែបន្តរក្សា និងអភិវឌ្ឍឱ្យឈានដល់កម្រិតថ្មីមួយ។ វៀតណាមតែងតែអះអាងជានិច្ចនូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ (ពឹងផ្អែកលើខ្លួនឯង) សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។
ជាពិសេស បក្សកុម្មុយនីស្តវៀតណាម នៅតែបន្តរក្សាគោលនយោបាយ «ពង្រឹងការទូតទ្វេភាគី និងលើកកម្ពស់ការទូតពហុភាគី ។ ចូលរួមយ៉ាងសកម្ម និងអភិវឌ្ឍតួនាទីរបស់វៀតណាមនៅក្នុងយន្តការពហុភាគី ជាពិសេស អាស៊ាន អង្គការសហប្រជាជាតិ APEC កិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ និងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិផ្សេងទៀត ក្នុងបញ្ហា និងយន្តការយុទ្ធសាស្ត្រសំខាន់ៗ ស្របតាមតម្រូវការ សមត្ថភាព និងលក្ខខណ្ឌជាក់លាក់ ដោយយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ មិត្តភាព និងជាប្រពៃណី ជាមួយប្រទេសជិតខាង» ។
ដូច្នេះ ចំណុចសំខាន់មួយនៅក្នុងឯកសារមហាសន្និបាតលើកទី១៤ គឺការបន្តផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយប្រទេសជិតខាងដែលមានព្រំដែនរួម ។ វៀតណាមក៏ទទួលស្គាល់ និងចាត់ទុកស្ថិរភាព និងវិបុលភាពរបស់ប្រទេសជិតខាងក៏ជាស្ថិរភាព និងវិបុលភាពរបស់ខ្លួនផងដែរ ។
នៅក្នុងការអនុវត្តជាក់ស្តែង នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា វិធីសាស្ត្រនេះ ត្រូវបានស្តែងចេញតាមរយៈការបង្កើនកិច្ចប្រជុំកម្រិតខ្ពស់ ការរក្សាយន្តការសហប្រតិបត្តិការរវាងគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ ការពិចារណាលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិជាសសរស្តម្ភសំខាន់ ដើម្បីរក្សាបរិយាកាសសន្តិភាព និងទប់ស្កាត់ការប៉ុនប៉ងណាមួយដើម្បីបំបែកសាមគ្គីភាពរវាងប្រទេសទាំងពីរ និងការកសាងព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍប្រកបដោយចីរភាព ដោយបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាជននៅតាមខេត្តជាប់ព្រំដែនអាចធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នាបានយ៉ាងងាយស្រួល ។
ការអះអាងរបស់វៀតណាមអំពី «ការផ្តល់តម្លៃខ្ពស់ និងអាទិភាពចម្បង» ដល់ទំនាក់ទំនងជាមួយប្រទេសជិតខាង ដែលមានចែងនៅក្នុងឯកសារនៃមហាសន្និបាតលើកទី១៤ គឺជាការប្តេជ្ញាចិត្ត ហើយបានបង្កើតជាមូលដ្ឋានច្បាប់ និងនយោបាយយ៉ាងរឹងមាំដើម្បីជំរុញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។
អត្ថប្រយោជន៍សំខាន់នៃការវិញបញ្ចូលគ្នាជាធ្លុងមួយរវាងប្រទេសទាំងពីរ បើពិនិត្យជារួមទៅលើស្ថានភាពទូទៅនាបច្ចុប្បន្ននេះ គឺវាច្បាស់ណាស់ថា កម្ពុជា និងវៀតណាម មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមិនធ្លាប់មានតាំងពីមុនមក ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ។ លក្ខណសម្បត្តិនេះ គឺកើតចេញពីភាពស្រដៀងគ្នានៃការគិតគូរអំពីការអភិវឌ្ឍ និងតម្រូវការជាចាំបាច់ដែលមានស្រាប់របស់ប្រទេសទាំងពីរ។
ទីមួយ៖ មានភាពស្រដៀងគ្នានៅក្នុងគោលដៅអភិវឌ្ឍន៍ ។ ប្រទេសវៀតណាមមានគោលបំណងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិទី ៧ ក៏កំពុងខិតខំអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ គោលដៅរួមដើម្បីវិបុលភាពនេះ បានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច កាន់តែទូលំទូលាយបន្ថែមទៀត ។
ទីពីរ៖ មានទំនាក់ទំនងជិតស្និទ្ធរវាងគណបក្សកាន់អំណាចទាំងពីរ។ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម មានទំនាក់ទំនងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ។ ការជឿទុកចិត្តគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសការរួបរួមគ្នាដោយទំនុកចិត្តរវាងថ្នាក់ដឹកនាំជំនាន់ក្រោយ គឺជា«គ្រឹះ» ដ៏រឹងមាំមួយសម្រាប់ដោះស្រាយបញ្ហាដែលកំពុងកើតមាន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។
ទីបី៖ គ្រឹះដ៏រឹងមាំនៃមិត្តភាពរវាងប្រជាជន និងប្រជាជន។ បើទោះបីបានកន្លងផុតទៅជិតប្រាំទសវត្សរ៍មកហើយក៏ដោយ ក៏ការជួយសង្គ្រោះរបស់វៀតណាមក្នុងអំឡុងពេលដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតែត្រូវបានប្រជាជនកម្ពុជាកោតសរសើរយ៉ាងខ្លាំង។ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន និងវត្តមានរបស់សហគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជា កាន់តែជួយរឹតចំណងមិត្តភាពនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
ទីបួន៖ ក្នុងបរិបទនៃតំបន់អាស៊ាន។ ទាំង កម្ពុជា និងវៀតណាម គឺជាសមាជិកសកម្មរបស់អាស៊ាន។ ការធ្វើការរួមគ្នាដើម្បីកសាងសហគមន៍អាស៊ានដ៏រឹងមាំនិងរួបរួមគ្នា និងរក្សាបានមជ្ឈភាពរបស់ខ្លួន គឺជាផលប្រយោជន៍រួម ដែលផ្តល់ឱ្យដោយប្រទេសទាំងពីរនូវភាសារួមនៅក្នុងវេទិកាពហុភាគី។

ទស្សនវិស័យនៃទំនាក់ទំនងទ្វេភាគី ដើម្បីឆ្ពោះទៅរកអនាគតប្រកបដោយចីរភាពដោយផ្អែកលើភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ និងសញ្ញាវិជ្ជមានពីប្រទេសវៀតណាម រួមជាមួយនឹងទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ អាចបញ្ជាក់បានថា ទស្សនវិស័យនៃទំនាក់ទំនងរវាងកម្ពុជា-វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនឹងរឹតតែមានភាពរីកចម្រើន និងស្រស់បំព្រងបន្ថែមទៀត។
ទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ច ៖ ប្រទេសទាំងពីរពិតជារំពឹងថានឹង សសម្រេចបានលើសគោលដៅគ្រោងទុក គឺលើស២០ពាន់លានដុល្លារអាម៉េរិកក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីក្នុងពេលឆាប់ៗនេះ។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត/ម៉ុកបៃ-ទីក្រុងហូជីមិញ និងការតភ្ជាប់ទៅកាន់កំពង់ផែវៀតណាម នឹងបើកឱកាសមាសសម្រាប់ការនាំចេញផលិតផលកសិកម្ម និងទាក់ទាញការវិនិយោគពីប្រទេសទាំងពីរ។
ទាក់ទងនឹងការអប់រំ និងធនធានមនុស្ស ៖ ប្រទេសវៀតណាមនឹងបន្តក្លាយជាគោលដៅបណ្តុះបណ្តាលសម្រាប់និស្សិតកម្ពុជារាប់ពាន់នាក់ ខណៈដែលអ្នកជំនាញវៀតណាមក៏នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យា នៅកម្ពុជាផងដែរ។ នេះគឺជាធនធានសំខាន់បំផុតសម្រាប់រក្សាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរនាពេលអនាគត ។

ទាក់ទងនឹងវិស័យទេសចរណ៍ ៖ ជាមួយនឹងពាក្យស្លោក «ប្រទេសពីរ គោលដៅតែមួយ» គឺការធ្វើឱ្យកាន់តែមានភាពងាយស្រួល និងអំណោយផលល្អនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងការតភ្ជាប់ដំណើរទេសចរណ៍វប្បធម៌ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់កម្ពុជា និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសវៀតណាម ។
ទោះជាយ៉ាងណាក៏ដោយ ក៏យើងត្រូវប្រុងប្រយ័ត្ន ទប់ស្កាត់និងប្រឆាំងជាដាច់ខាត និងឱ្យខាងតែបាន នូវរាល់ការ៉ុនប៉ង បំភ្លៃពីកម្លាំងអមិត្ត ដែលមានគោលបំណងបំបែកបំបាក់សាមគ្គីភាព ជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរ។ តម្លាភាព ភាពស្មោះត្រង់ និងការគោរពច្បាប់អន្តរជាតិនឹងក្លាយជាអាវុធដ៏មុតស្រួចបំផុតដើម្បីការពារ ថែរក្សាទំនាក់ទំនងដ៏ល្អប្រពៃនេះ៕
ចែករំលែកព័តមាននេះ