ខេត្តតាកែវ ៖ ដីបឹងខ្ពកត្របែក ដែលជាបឹងប្រវត្តិសាស្ត្រស្ថិតនៅភូមិស្ទឹង ឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន ១៣៦ហិកតា ជារបស់រដ្ឋត្រូវបានក្រុមអាជ្ញាធរគប់គិតគ្នាហែកចែកគ្នាស៊ីដោយអោយលោក ហ៊ូ សារ៉ាន់ ជាអាជីវករលក់កង់ផ្សារអង្គតាសោម ជាអ្នកកាន់កាប់ និងបន្តពុះជ្រៀករៀបចំចុះបញ្ជីជាលក្ខណៈប្រពន្ធ័ចំនួន ៩ក្បាលដី ដោយអ្នកឈរឈ្មោះសុទ្ធសឹងជាបងជាប្អូនជាកូនរបស់លោក ហ៊ូ សារ៉ាន់ ទាំងអស់ គឺចែកគ្នាយកហ្មត់ដូចអាចម៌ទីទុយទៅហើយ ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា លោក ហ៊ូ សារ៉ាន់ បានប្រើអំណាចយកឈ្មោះអ្នកធំមកគំរាមសម្លុតថា ពលរដ្ឋណាមិនព្រមលក់ដីអាស្រ័យផលរបស់រដ្ឋទៅអោយលោកទេក៏លោកនៅតែច្បាមយកដែរចង់ទៅប្ដឹងដល់ណាក៏ប្តឹងទៅ ។ ដូច្នេះពលរដ្ឋក៏សម្រេចចិត្តលក់ដីអាស្រ័យផលរបស់ពួកគាត់ក្នុងតម្លៃថោកបំផុតដោយក្នុង ១ហិកតាត្រឹម ១០០០ដុល្លារនោះទេ ។
ជុំវិញករណីខាងលើលោក ងួន ប៉ិត មេភូមិស្ទឹងបានអោយអ្នកកាសែតដឹងថា ប្រជាពលរដ្ឋពិតជាបានលក់ដីអាស្រ័យផលលើដីរដ្ឋអោយទៅឈ្មោះលោក ហ៊ូ សារ៉ាន់ ពិតមែនដោយក្នុង ១ហិចកតាត្រឹម១០០០ដុល្លារនោះទេហើយ លោកមេភូមិក៏ទទួលស្គាល់ថា លោកបានចុះហត្ថលេខាបោះត្រាជាមួយនិងលោកមេឃុំផងដែរ ។
ចំណែកលោក អ៊ី វ៉ាន មេឃុំអូសារ៉ាយបានអោយដឹងថា លោកដឹងថា ដីខាងលើជាដីអាស្រ័យផលរបស់រដ្ឋមែនតែលោកបានចុះទៅវាស់វែងកាត់ឆ្វៀលជាមួយលោក ណុប សុភ័ណ្ឌ ប្រធានការិយាល័យធនធានទឹកស្រុកត្រាំកក់លោក លន់ ហ៊ួត ប្រធានការិយាល័យភូមិបាលស្រុកត្រាំកក់ និងលោក កៅវគ្គ ស៊ែល អតីតចៅហ្វាយស្រុកត្រាំកក់ តែលោកមិនបានឃើញលិខិតស្នាមពីថ្នាក់លើនោះទេតែលោកត្រឹមមេឃុំគេអោយទៅធ្វើ ក៏ទៅតាមគេទៅ ។
ពាក់ពន្ធ័ករណីនេះដែរនាក់កាសែតមិនអាចសុំការបំភ្លឺពីលោក ណុប សុភណ្ឌ័ ប្រធានការិយាល័យធនធានទឹកស្រុកត្រាំកក់បានទេ ដោយគ្មានលេខទូរសព្ទ័ ចំណែកលោក លន់ ហ៊ួត ប្រធានការិយាល័យភូមិបាលស្រុកត្រាំកក់ បានអោយដឹងថាលោកមិនបានចុះវាស់វែងចុះបញ្ជីជាប្រពន្ធ័ទេ គឺខាងមន្ទីសុរិយោដីខេត្តដឹកនាំដោយលោក ឃួន ប៊ុនថេង ជាប្រធានក្រុមលេខ ១០ ជាអ្នកចុះវាស់វែង ។
ចំណែកលោក កៅ វគ្គស៊ែល អតីតចៅហ្វាយស្រុកត្រាំកក់ បច្ចុប្បន្នចៅហ្វាយស្រុកសំរោងបានអោយដឹងថា លោកមិនបានដឹងក្នុងរឿងនេះទេ សូមអ្នកកាសែតសួរទៅលោក លន់ ហ៊ួត ប្រធានការិយាល័យភូមិបាលស្រុកត្រាំកក់ទៅ ។
ជុំវិញបញ្ហាខាងលើលោក ឃុន ប៊ុនថេង ប្រធានក្រុមចុះវាស់វែងជាប្រពន្ធ័ក្រុមទី ១០ បានអោយដឹងថា លោកចុះទៅវាស់វែងនេះជាដំណាក់កាលទីពីរទេ ហើយបានកំណត់ក្បាលដីរួចហើយតែនៅមិនទាន់បានបិតផ្សាយនៅឡើយទេរង់ចាំដំណាក់កាលទីបីទើបអាចបិតផ្សាយបានប្រសិនជាលេខក្បាលដីណាមានភាពមិនប្រក្រតីអ្នកពាក់ពន្ធ័អាចប្ដឹងជំទាស់បាន ។ ចំណែកមេខត្តស្ងាត់ឈឹង…ហេ! ហេ! ។
ចំណែកលោក នួន សុធា ប្រធានមន្ទីសុរិយោដីសំណង់ និងនគរូបនីយកម្ម បានអោយដឹងថាប្រសិនបើដី ១៣៦ហិកតា ស្ថិតនៅចំណុចខាងលើជាដីពលរដ្ឋអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋមែនគ្មានអស់លោកណាហ៊ានសម្រេចចុះទៅវាស់វែងនោះទេ គឺទាល់តែមាន ស.ជ.ណ របស់ប្រមុខរាជរដ្ឋាភិបាលសម្រេចទើបអស់លោកមន្ដ្រីពាក់ពន្ធ័ចុះទៅវាស់វែងបាន ។ លោកប្រធានមន្ទីបានបន្តទៀតថា លោកនិងធ្វើកាស្រាវជ្រាវនេះបន្តទៀតហើយលោក នឹងផ្តល់ព័ត៏មានបន្ថែមជូនទៅអ្នកកាសែតដើម្បីអោយមានតម្លាភាព ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ