រាជធានីភ្នំពេញ ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជា-វៀតណាម បានបង្ហាញយ៉ាងច្បាស់ចំពោះមិត្តភាពប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធ រវាងគណបក្សទាំងពីរ ប្រជាជនទាំអពីរ និងប្រទេសជាតិទាំងពីរឱ្យកាន់តែល្អបន្ថែមទៀតតាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតំណាង សម្ដេចតេជោគណបក្សប្រជាជនកម្ពុជា នៅវៀតណាម ។

ការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់បែបនេះ ក្នុងជំនួបសម្តែងការគួរសម និងអបអរសាទរ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ កាលពីរថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។
ឯកឧត្តម តូ ឡឹម បានអរគុណដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាចំពោះសារអបអរសាទរចំពោះភាពជោគជ័យនៃសមាជជាតិលើកទី១៤ ។ ចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មកកាន់ប្រទេសវៀតណាម ដើម្បីអបអរសាទរដោយផ្ទាល់ ដោយហៅដំណើរទស្សនកិច្ចនេះថា ជាការបង្ហាញយ៉ាងច្បាស់នៃមិត្តភាពប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធិ រវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ។ សមាជបក្សលើកទី១៤ គឺជាការចាប់ផ្តើមនៃយុគ សម័យអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រទេសវៀតណាម ក្រោមបាវចនា សាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ វឌ្ឍនភាព និងការអភិវឌ្ឍ ។

ឯកឧត្តម តូ ឡឹម បានបញ្ជាក់ថា «សមាជនេះ បានបង្ហាញពីឆន្ទៈដ៏មុតមាំ ឯកភាពជាតិ និងសេចក្តីប្រាថ្នារបស់ប្រទេសវៀតណាម ក្នុងការកសាងប្រទេសមួយប្រកបដោយសន្តិ ភាព ឯករាជ្យ វិបុលភាព និងសុភមង្គល ខណៈពេលដែលកំពុងកំណត់គោលដៅ និងចក្ខុវិស័យជាតិរយៈពេលវែង» ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរចំពោះភាពជោគជ័យនៃសមាជបក្សលើកទី១៤របស់វៀតណាម និងបានសាទរចំពោះ ឯកឧត្ដម តូ ឡឹម ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃកិច្ចប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការកណ្តាលបក្ស នីតិកាលទី១៤។
សម្តេច ម៉ែន សំអន បានសរសើរសមិទ្ធផលយ៉ាងទូលំទូលាយរបស់ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយឯកឧត្តម តូ ឡឹម ដោយលើកឡើងពីកំណែទម្រង់រដ្ឋបាល ភាពជោគជ័យនៃសេចក្តីសម្រេចរបស់សមាជបក្សលើកទី១៣កំណើនសេដ្ឋកិច្ចរឹងមាំ និងការកែលម្អស្តង់ដារជីវភាព ៕
ចែករំលែកព័តមាននេះ