ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​កូរ៉េ​ខាងត្បូង ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវ​បាន​ពន្យារពេល

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា លោក​នឹង​ដំឡើង​ពន្ធគយ​លើ​ការ​នាំ​ចូល​ទំនិញ​របស់​កូរ៉េ​ខាងត្បូង​ដល់…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា លោក​នឹង​ដំឡើង​ពន្ធគយ​លើ​ការ​នាំ​ចូល​ទំនិញ​របស់​កូរ៉េ​ខាងត្បូង​ដល់ ២៥% បន្ទាប់​ពី​លោក​បាន​អះអាង​ថា ទីក្រុង​សេ​អ៊ូ​ល​មិន​បាន​គោរព​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​សម្រេច​បាន​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង Reuters នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​។

នៅ​ក្នុង​ការ​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម លោក ត្រាំ អះអាង​ថា លោក​នឹង​បង្កើន​ពន្ធគយ​លើ​កូរ៉េ​ខាងត្បូង​ពី ១៥% ដល់ ២៥% លើ​ទំនិញ និង​ផលិតផល​ជា​ច្រើន​ប្រភេទ រួម​ទាំង​រថយន្ត ឈើ ឱសថ និង​ទំនិញ​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ពន្ធគយ​ទៅ​វិញ​ទៅ​មក​ទាំងអស់​ផង​ដែរ​។ លោក​ថ្លែង​ថា កូរ៉េ​ខាងត្បូង​មាន​ភាព​យឺតយ៉ាវ​នៅ​ក្នុង​ការ​អនុម័ត​កិច្ចព្រមព្រៀង​នេះ ខណៈ​ពេល​ដែល​អា​មេ​រិ​កបាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម និង​រហ័ស ដើម្បី​កាត់​បន្ថយ​ពន្ធគយ ស្រប​តាម​ប្រតិបត្តិការ​ដែល​បាន​ព្រមព្រៀង​គ្នា​។

យ៉ាងណាមិញ កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា ខ្លួន​មិន​ទាន់​ត្រូវ​បាន​ជូនដំណឹង​ជា​ផ្លូវការ​អំពី​ការ​សម្រេចចិត្ត​ដំឡើង​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​របស់​ខ្លួន​នៅឡើយ​ទេ ហើយ​ចង់​ពិភាក្សា​ជា​បន្ទាន់​ជាមួយ​អា​មេ​រិ​កលើ​បញ្ហា​នេះ​។ ដោយ​បាន​បន្ថែម​ថា រដ្ឋមន្ត្រី​ឧស្សាហកម្ម​កូរ៉េ​ខាងត្បូង លោក គី​ម ជុង​-​ក្វា​ន (Kim Jung-kwan) ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​កា​ណា​ដា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក ហូ​វើ​ដ លូត​និក (Howard Lutnick)​។

គួរ​រំលឹក​ថា កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​ខែតុលា ឆ្នាំ​មុន ដែល​រួម​មានការ​សន្យា​ពី​កូរ៉េ​ខាងត្បូង​ក្នុង​ការ​វិនិយោគ​ចំនួន ៣៥០ ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក ដែល​ខ្លះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​សាងសង់​នាវា​។ នៅ​ខែ​បន្ទាប់ ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា សហរដ្ឋអាមេរិក​នឹង​កាត់​បន្ថយពន្ធ​លើ​ទំនិញ​មួយ​ចំនួន នៅ​ពេល​ដែល​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​ដំណើរការ​អនុម័ត​កិច្ចព្រមព្រៀង​នេះ​។

កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ដាក់​ជូន​ទៅ​រដ្ឋសភា​កូរ៉េ​ខាងត្បូង ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កិច្ចព្រមព្រៀង​នេះ ទំនងជា​ត្រូវ​អនុម័ត​នៅ​ក្នុង​ខែកុម្ភៈ​ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ