ប្រទេសចិន ៖ ឧត្ដមសេនីយ៍ ZHANG YOUXIA នាយទាហានជាន់ខ្ពស់បំផុតនៃកងទ័ពចិន ជាអនុប្រធានមួយរូបនៃគណៈកម្មាធិការយោធាកណ្ដាលចិន ដែលតាមសេចក្ដីប្រកាសមួយកាលពីថ្ងៃទី២៤ មករា របស់ក្រសួងការពារជាតិចិនថា ជាប់ការស៊ើបអង្កេតពីបទរំលោភបំពានធ្ងន់ធ្ងរលើវិន័យ ជាពាក្យមួយចង់និយាយសំដៅលើអំពើពុករលួយ និងពីបទរំលោភបំពានច្បាប់នោះ ត្រូវបានកាសែតអាមេរិក WALL STREET JOURNAL លាតត្រដាងថា ឧត្ដមសេនីយវ័យ៧៥ឆ្នាំរូបនោះ ជាប់សង្ស័យធ្ងន់បំផុតលួចផ្ទេរបណ្ដាទិន្នន័យគន្លឹះ ស្ដីពីអាវុធនុយក្លេអ៊ែរចិនដល់សហរដ្ឋអាមេរិកថែមទៀតផង ។

ក្នុងសេចក្ដីប្រកាសមួយក្រសួងការពារជាតិចិនពន្យល់ថា ក្រោយការពិនិត្យយើងបានសម្រេចបើកការស៊ើបអង្កេតលើឧត្ដមសេនីយZHANG YOUXIA អនុប្រធានមួយរូបនៃគណៈកម្មាធិការយោធាកណ្ដាលចិនដ៏ខ្លាំង និងលើឧត្ដមសេនីយLIU ZHENLI នាយសេនាធិការកងទ័ព ។ ឧត្ដមសេនីយ៍ ZHANG YOUXIAអាយុ៧៥ឆ្នាំ និងឧត្ដមសេនីយ LIU ZHENLI អាយុ៦១ឆ្នាំ សុទ្ធតែជាប់ង្ស័យពីបទរំលោភបំពានធ្ងន់ធ្ងរលើវិន័យ និងច្បាប់ ។ គេក៏បានចោទប្រកាន់ឧត្ដមសេនីយ៍ ZHANG YOUXIA ថា ប្រើឥទ្ធិពលរបស់ខ្លួនពិសេសជួយសម្រួលឲ្យលោកLI SHANGFU បានឡើងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលក្រោយមកត្រូវបានដកតំណែងនិងទទួលការកាត់ទោសកាលពីឆ្នាំ២០២៣ ។
សំណុំរឿងហាក់កាន់តែបែកវែងឆ្ងាយថែមទៀត ក្រោយការចាប់ខ្លួនលោកGU JUN អតីតប្រមុខក្រុមហ៊ុននុយក្លេអ៊ែរយក្សចិនCNNC ។ បណ្ដាអ្នកស៊ើបអង្កេតពិនិត្យឃើញលទ្ធភាពនៃការបែកធ្លាយព័ត៌មានពីអាវុធនុយក្លេអ៊ែររបស់ប្រទេស ។ ជាអតីតដៃគូនយោបាយរបស់លោកស៊ីជីនពីង ឧត្ដមសេនីយZHANG YOUXIA ស្ថិតក្នុងរង្វង់ក្រុមដែលគេហៅថាព្រះអង្គម្ចាស់ក្រហម ជាមនុស្សមកពីអតីតយុទ្ធជនបដិវត្តន៍កុំមុយនីស្ត ។ ឪពុកលោកជាអ្នកធ្លាប់ប្រយុទ្ធរួមជាមួយលោកស៊ីជីនពីងក្នុងសម័យសង្គ្រាមស៊ីវិលចិន ។
ការចាប់ខ្លួនឧត្ដមសេនីយរូបនោះនិងមនុស្សសំខាន់ដទៃៗទៀត ជាដំណាក់កាលថ្មីមួយនៃការបោសសម្អាតក្នុងផ្ទៃកងទ័ពចិន។ ចាប់តាំងពីឆ្នាំ២០២៣មក នាយទាហានជាន់ខ្ពស់និងមេដឹកនាំឧស្សាហកម្មយោធាជាង៥០រូប ត្រូវបានដកហូតចេញពីតំណែងឬជាប់ការស៊ើបអង្កេតនិងកាត់ទោស ។
ឧត្ដមសេនីយZHANG YOUXIAក៏ជាសមាជិកការិយាល័យនយោបាយរបស់បក្សកុំមុយនីស្តចិន។ គណៈកម្មាធិការយោធាកណ្ដាលចិនមានអនុប្រធាន២រូប។ អនុប្រធានមួយរូបទៀតគឺឧត្ដមសេនីយZHANG SHENGMIN ដែលឡើងកាន់តំណែងនោះកាលពីខែតុលា ក្រោយការដកតំណែងនេះពីឧត្ដមសេនីយHE WEIDONG បន្ទាប់ពីការស៊ើបអង្កេតមួយពីបទពុករលួយ ។
ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រមុខបក្សកុំមុយនីស្តចិនពីឆ្នាំ២០១២មក លោកស៊ីជីនពីង បានប្រកាន់យកការតស៊ូប្រឆាំងអំពើពុករលួយ ជាអាទិភាពសម្រាប់គ្រប់លំដាប់ថ្នាក់រដ្ឋនិងបក្សកុំមុយនីស្តចិន។ បណ្ដាសកម្មជននៃយុទ្ធនាការនោះអះអាងថា យុទ្ធនាការនេះជួយដល់អភិបាលកិច្ចល្អ ។ ចំណែកពួកអ្នកវិភាគដទៃៗទៀតយល់ថា យុទ្ធនាការប្រឆាំងអំពើពុករលួយអាចជួយកម្ចាត់គូប្រជែងខាងនយោបាយសំខាន់ៗរបស់លោកស៊ីជីនពីង៕
ចែករំលែកព័តមាននេះ