រាជធានីភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ គឺជាការរំលោ.ភបំពានចំពោះច្បាប់អន្តរជាតិ» ។ នេះបើយោងតាមលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនាព្រឹកថ្ងៃទី២៧ ខែមករានេះ ។
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី «ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញ នូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម» នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។
នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន ៖
១. ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។
២. ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។
៣. ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោ.ភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ៕
ចែករំលែកព័តមាននេះ