ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មាន​អ្នក​ដុត​ភ្លើង​យក​ឃ្មុំ​ព្រៃ ​ឬ​អ្នក​ជក់បារី​បោះ​ចោល​លើ​ស្មៅ ​ឆេះ​រាលដំណាំ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ដើម

11 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ កំពុង​នាំ​គ្នា​អង្គុយ​ទទួលទាន​អាហារ​សុខ​ៗ ស្រាប់តែ​ក្រឡេក​មើលទៅ​ក្បែរ​ជើងភ្នំ ​ឃើញ​មាន​ផ្សែង និង​អណ្តាតភ្លើង​ហុយ​ទ្រលោម​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅកាន់តែ​ខ្លាំង​ឡើង​ៗ ទើប​ម្នាក់​ៗ នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់​។ តែ​ដោយសារ​មាន​ស្មៅ​ងាប់​ច្រើន​នៅ​តាម​ចម្ការ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ កំពុង​នាំ​គ្នា​អង្គុយ​ទទួលទាន​អាហារ​សុខ​ៗ ស្រាប់តែ​ក្រឡេក​មើលទៅ​ក្បែរ​ជើងភ្នំ ​ឃើញ​មាន​ផ្សែង និង​អណ្តាតភ្លើង​ហុយ​ទ្រលោម​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅកាន់តែ​ខ្លាំង​ឡើង​ៗ ទើប​ម្នាក់​ៗ នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់​។ តែ​ដោយសារ​មាន​ស្មៅ​ងាប់​ច្រើន​នៅ​តាម​ចម្ការ លុះ​ខ្យល់​បក់​បោក​មក​ពី​ទិស​ខាងជើង​កាន់តែ​ធ្វើ​ឱ្យ​អណ្តាតភ្លើង​ស្ទុះ​ហក់​ឡើង​ខ្ពស់ និង​ឆាបឆេះ​ដំណាំ​ស្វាយ​អស់​ជាង​១០០​ដើម ទើប​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ចូល​ទៅ​ជួយ​ពន្លត់​ទាន់​ពេលវេលា ​។

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ភ្នំ​រាលដាល​ឆេះ​ដំណាំ​ស្វាយ​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពីកសិករ​ម្នាក់ ឈ្មោះ ម៉ៅ ភេទ​ប្រុស បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ ខណៈ​ដែល​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​ភូមិ​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ពី​ចម្ការ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​នាំ​គ្នា​ហូប​អាហារ​ពេល​ព្រឹក ស្រាប់តែ​មួយសន្ទុះ​ក្រោយមក គេ​ឃើញ​មាន​ហុយផ្សែង​ចេញពី​ជើងភ្នំ​ខាងលើ លាយឡំ​ដោយ​ខ្យល់​បក់​មក​ពី​ទិស​ខាងជើង ទើប​ធ្វើ​ឱ្យ​អណ្តាតភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​ដល់​រីក​រាលដាល​ឆ្ពោះទៅ​កាន់​ភ្នំ​តូច​ធំ​ភូមិ​អូរ​ឈើ​ក្រំ ​។

ប្រភព​បន្ត​ទៀត​ថា ស្រប​ពេល​ដែល​ដំណាំ​ចំការ​ស្វាយកែវ​រមៀត​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​មាន​ស្លឹក​ស្វាយ​ងាប់ ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​ចូល​ទៅ​ក្នុង​ចម្ការ បណ្តាល​ឱ្យ​ខូចខាត​ដើម​ស្វាយ​អស់​ចំនួន​១៣០​ដើម​។ ហើយដោយ​សារ​តែ​ភ្លើង​ឆេះ​រាលដាល​មិន​អាច​ពន្លត់​បាន ទើប​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ខាងលើ បាន​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ខេត្ត​ប៉ៃលិន ឱ្យ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដើម្បី​កុំឱ្យ​រាលដាល​ចូល​ទៅ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា អគ្គិ​ភ័យ​ដែល​ឆាបឆេះ​នេះ គឺ​ចាប់តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៤និង​៤០​នាទី​រសៀល ដោយ​ឆេះ​ពី​ភ្នំ​មួយ​ឆ្លង​ទៅ​ភ្នំ​មួយទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ម្ចាស់ផ្ទះ ម្ចាស់​ចំការ​ដំណាំ​នៅ​ក្បែរ​ៗ នោះ​នាំ​គ្នា​ព្រលឹង​ចុង​សក់ ហើយ​ក្រោយមក​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​គ្រឿង ក៏​បាន​ចូល​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​ ។

មន្ត្រី​នគរបាល​ដាក់​ការ​សង្ស័យ​ថា មាន​អ្នក​ដើរ​រក​ឃ្មុំ​ព្រៃ​ ដុត​ភ្លើង​ភ្លេច​ពន្លត់ ទើប​បណ្តាល​ឱ្យ​ឆាបឆេះ​រាលដាល​បែប​នេះ​។ ម្យ៉ាងវិញទៀត អាច​មាន​អ្នក​ជក់បារី ដែល​ដើរ​នៅ​តាម​ព្រៃ​ភ្នំ​ ស្វែងរក​សត្វព្រៃ​បោះចោល​កន្ទុយបារី​ទៅ​លើ​ស្មៅ​ងាប់ ក៏​អាច​បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ​បែប​នេះ​បាន​ដែរ​។ ទោះបីជា​យ៉ាងណា ក្រុម​នគរបាល​ពន្លត់អគ្គិភ័យ​ក៏​ខិតខំ​ប្រឹងប្រែង​ដឹក​ជញ្ជូន​ទឹក​យក​ទៅ​បាញ់​ពន្លត់​អស់​ជា​ច្រើន​រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ