ខេត្តកំពង់ចាម ៖ នៅក្នុងរដូវក្តៅខ្យល់បក់ពីទិសខាងជើងគ្រាន់តែមួយព្រឹកករណីគ្រោះអគ្គីភ័យបានកើតឡើងចំនួន ២កន្លែងក្នុងនោះមាននៅស្រុកព្រៃឈរនិងស្រុកបាធាយ បណ្ដាលឲ្យលំនៅឋានសង់អំពីឈើត្រូវខូចខាតទាំងស្រុងដូចគ្នា។
ក្នុងករណីទាំងនេះមិនមានពលរដ្ឋណាម្នាក់រងរបួសដល់គ្រោះថ្នាក់អាយុជីវិតនោះទេ ដោយគ្រាន់តែបាត់បង់ទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ ស្របពេលដែលរដូវប្រាំងស្លឹកឈើក្រៀមស្វិតដាក់អាចបង្ករជាអគ្គីភ័យប្រសិនបើយើងធ្វេសប្រហែស។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា:ស្របពេលដែលម្ចាស់ផ្ទះកំពុងតែលក់ដូររំពេចនោះនៅវេលាម៉ោង ០៩និង១៥ នាទីព្រឹកថ្ងៃទី២៦មករា ឆ្នាំ២០២៦ កម្លាំងសមត្ថិកិច្ចបានទទួលព័ត៌មានថា មានករណីអគ្គីភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ហួរ ដាលីន ភេទស្រី អាយុ ៣៦ ឆ្នាំ នៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកវរ:សេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំកម្លាំង អធិការដ្ឋាន និង ប៉ុស្តិ៍រដ្ឋបាល ដោយមានសហការជាមួយ ក្រុមអន្តរាគមន៍រថយន្តអគ្គីភ័យស្នងការដ្ឋាន និងស្រុកកំពង់សៀម ដោយមានការចូលរួមពីអាជ្ញាធរឃុំភូមិ ប្រជាពលរដ្ឋ និង អាវុធហត្ថស្រុកព្រៃឈរ ក្រោមការដឹកនាំពី លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុក ចុះជួយធ្វើអន្តរាគមន៍ ករណីឆាបឆេះនេះ។
សមត្ថកិច្ចបានបន្តដឹងទៀតថា រហូតដល់ម៉ោង ១០និង៣០ព្រឹក កម្លាំងយើង បានគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តអគ្គីភ័យ ០៤ គ្រឿង (ស្រុកព្រៃឈរ ០២ គ្រឿង, ស្នងការដ្ឋាន ០១ គ្រឿង និង ស្រុកកំពង់សៀម ០១) ទឹកចំនួន ០៤ ស៊ឺទែន មូលហេតុ: តាមការសួរនាំ និង ឆ្លើយបំភ្លឺពីម្ចាស់ផ្ទះ ឈ្មោះ ហួរ ដាលីន ករណីឆេះផ្ទះនេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង បង្កអោយមានការឆាបឆេះឡើង ។
ក្នុងករណីនេះ មានការខូចខាតផ្ទះ ០១ ខ្នងទំហំ ៧ម៉ែត្រ×៨ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា រនាបឈើ ចាក់សាបបេតុងខាងក្រោមផ្ទះ តសំយ៉ាបដែកខាងមុខផ្ទះ ខូចខាតទាំងស្រុង និង ខូចខាត ឥវ៉ាន់ចាប់ហួយ សរុបជាទឹកប្រាក់ប្រមាណ ៣ម៉ឺនដុល្លារអសមេរិក ។ ករណីនេះ មិនបង្កអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ។
ដោយឡែកករណីទី២នៅថ្ងៃទី២៦ខែមករាឆ្នាំ២០២៦វេលាម៉ោង១០ព្រឹក នៅភូមិផ្អាវឃុំផ្អាវស្រុកបាធាយ ខេត្តកំពង់ចាម មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះជូន យុន ភេទស្រី អាយុ៨៣ឆ្នាំ នៅភូមិផ្អាវ ឃុំផ្អាវ ផ្ទះមានទំហំ៩ម៉ែត្រ×១១ម៉ែត្រ ដំបូលប្រកគ្បឿងជញ្ជាំងក្តារខាងក្រោមឥដ្ឋ សរុបការខូចខាតឆេះឥវ៉ាន់និងផ្ទះអស់ទាំងស្រុង ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចយើងបានពន្លត់បានទាំងស្រុងពុំមានឆេះរាលដល់ផ្ទះអ្នកជិតខាងទេ ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងនិងឡានប្រជាពលរដ្ឋ១គ្រឿងសរុប៤គ្រឿង មូលហេតុ ឆេះបណ្តាមកពីផ្ទុះសេខ្សែភ្លើង ៕










ចែករំលែកព័តមាននេះ