រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បន្តការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយដងផ្លូវនានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានារក្សាបានរបៀបរៀបរយឲ្យបានល្អប្រសើរ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងអាជ្ញាធរចម្រុះខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តការចុះរៀបចំសណ្តាប់ធ្នាប់ នៅលើផ្លូវលេខ១០៧ ( ផ្លូវសុកហុក ) ស្ថិតក្នុងសង្កាត់ពាក់ព័ន្ធចំនួន០៥ រួមមានសង្កាត់អូរឬស្សី១ , អូរឬស្សី៣ , អូរឬស្សី៤ , សង្កាត់មនោរម្យ និងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអោយដឹងថា ដោយបន្តការអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌតែងតែគិតគូរជានិច្ចជាកាលលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាដល់របៀបរៀបរយ និងសោភ័ណ្ឌភាពល្អក្នុងទីក្រុង ខណៈខណ្ឌ៧មករា គឺជាខណ្ឌមួយដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ឬហៅថា ជាតំបន់ប្រជុំជន ។
លោកអភិបាលបញ្ជាក់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ១០៧ ( ផ្លូវសុកហុក ) ខាងលើ គឺដើម្បីឲ្យបងប្អូនជាម្ចាស់លំនៅឋានស្របសងខាងផ្លូវដែលកំពុងប្រកបអាជីវកម្មនានា សូមចូលរួមជាមួយអាជ្ញាធរក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ ទុកចំណីផ្លូវសម្រាប់ពលរដ្ឋថ្មើរជើង ជៀសវៀងការបន្តរំលោភចិញ្ចើមផ្លូវ ឬចំណីផ្លូវសាធារណៈដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់របៀបរៀបរយសាធារណៈ ពិសេសអាចបង្កការកកស្ទះនានាដោយកត្តាបំពានណាមួយរបស់អ្នកដែលល្មើសការណែនាំរបស់រដ្ឋបាលខណ្ឌ ។
នាឱកាសនោះដែរ លោក ថេង សុថុល អភិបាលខណ្ឌ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌ៧មករា នឹងចូលរួមអនុវត្តការណែនាំរបស់អាជ្ញាធរឲ្យបានល្អខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីជាការរួមចំណែកកែរលម្អរ និងរក្សាបានសោភ័ណ្ឌភាពខ្ពស់ក្នុងទីក្រុងរបស់យើង ខណៈរាជធានីភ្នំពេញរបស់យើងបច្ចុប្បន្នកំពុងត្រូវបានសកលលោកទទួលស្គាល់ថាជាទីក្រុងដែលពោរពេញភាពសប្បាយរីករាយ និងសុខសន្តិភាព ៕







ចែករំលែកព័តមាននេះ