ខេត្តកោះកុង ៖ កម្លាំងមន្ត្រីឧទ្យានុរក្សបានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះប្រតិបត្តិការល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារចំនួនពីរទីតាំងផ្សេងគ្នា។
ជាក់ស្តែងបើយោងតាមផេកក្រសួងបរិស្ថាន បានប្រកាសនាព្រឹក ថ្ងៃទី២៦ ខែមករាឆ្នាំ២០២៦នេះថា ៖ ឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយដកហូតរណារយន្តធុនតូច ចំនួន០៣គ្រឿង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកតាចាន់ ។
ដោយឡែក នៅដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៧៥ខ្សែ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង៕



ចែករំលែកព័តមាននេះ