យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស គ្រាប់ឈូកត្រូវបានគេស្គាល់ថាជា “កំពូលអាហារ” ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន ម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រ។ វាមានសមត្ថភាពជួយឱ្យគេងលក់ស្រួល កាត់បន្ថយការរលាក និងពង្រឹងសុខភាពបេះដូង។ ប៉ុន្តែទោះបីជាវាមានអត្ថប្រយោជន៍មហាសាលយ៉ាងណាក៏ដោយ សម្រាប់មនុស្សមួយចំនួន គ្រាប់ឈូកអាចប្រែជាផ្ដល់ផលអវិជ្ជមាន ប្រសិនបើញ៉ាំមិនត្រូវតាមលក្ខខណ្ឌសុខភាពផ្ទាល់ខ្លួន។
ក្រុមមនុស្សដំបូងដែលត្រូវប្រុងប្រយ័ត្នគឺ អ្នកដែលមានបញ្ហារំលាយអាហារ ឬហើមពោះរ៉ាំរ៉ៃ ព្រោះគ្រាប់ឈូកសម្បូរទៅដោយជាតិម្សៅ និងអាស៊ីតអាមីណូដែលរាងកាយពិបាកបំបែក ដែលអាចធ្វើឱ្យមានអារម្មណ៍ណែនពោះខ្លាំងជាងមុន។ ចំពោះអ្នកជំងឺបេះដូងដែលកំពុងប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំសម្រួលចង្វាក់បេះដូង ក៏គួរពិគ្រោះជាមួយគ្រូពេទ្យដែរ ព្រោះសារធាតុនៅក្នុងបណ្ដូលឈូក អាចមានអន្តរកម្មជាមួយឱសថដែលនាំឱ្យសម្ពាធឈាមចុះទាបពេក។
ក្រៅពីនេះ អ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ថ្នាំចាក់អាំងស៊ុយលីន ត្រូវតាមដានជាតិស្ករឱ្យបានល្អ ព្រោះគ្រាប់ឈូកអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល។ សម្រាប់កុមារតូចៗ ការញ៉ាំគ្រាប់ឈូកទាំងមូលអាចបង្កហានិភ័យនៃការស្លាក់ ឬពិបាករំលាយអាហារដោយសារប្រព័ន្ធរំលាយអាហារពួកគេនៅខ្សោយ។ ចុងក្រោយគឺ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានអាឡែស៊ីជាមួយគ្រាប់ធញ្ញជាតិ គួរទទួលទានក្នុងបរិមាណតិចតួចបំផុត ដើម្បីសង្កេតមើលប្រតិកម្មរាងកាយ។
ការយល់ដឹងពីរបៀបញ៉ាំឱ្យត្រូវតាមស្ថានភាពសុខភាព នឹងជួយឱ្យអ្នកទាញយកអត្ថប្រយោជន៍ពីគ្រាប់ឈូកបានយ៉ាងពេញលេញ និងមានសុវត្ថិភាពបំផុត៕
ចែករំលែកព័តមាននេះ