រាជធានីភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់បានបង្ហាញរូបភាព និងបញ្ជាក់ជាថ្មីអំពីវត្តមានរបស់កូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលជាយុទ្ធភណ្ឌបន្សល់ទុកពីការប្រើប្រាស់របស់យោធាថៃមកលើទឹកដីកម្ពុជាកាលពីពេលកន្លងទៅ។
នេះបើយោងតាមផេក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា ៖ នេះ គឺជារូបរាងរបស់កូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃ បានប្រើប្រាស់មកលើប្រទេសកម្ពុជា ហើយភាគច្រើន ត្រូវបានរកឃើញនៅលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់ថា សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងប្រាប់បងប្អូនកូនក្មួយ ដែលរស់នៅតំបន់ប្រឈមឱ្យកុំប៉ះពាល់ និងរាយការណ៍មកអង្គភាពស៊ីម៉ាក់ ។
សូមរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលធ្លាប់មានប្រវត្តិប្រយុទ្ធគ្នា ឬតំបន់ប្រឈម ត្រូវមានការយកចិត្តទុកដាក់ខ្ពស់បំផុត។
-ហាមប៉ះពាល់ជាដាច់ខាត ៖ ប្រសិនបើប្រទះ ឃើញវត្ថុដែលមានរូបរាងដូចក្នុងរូបថត ឬវត្ថុចម្លែកដែលសង្ស័យថាជាយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ កុំគប់លេង និងកុំដុតបំផ្លាញដោយខ្លួនឯង ព្រោះវាអាចផ្ទុះឡើងគ្រប់ពេល។
-ការអប់រំកូនចៅ៖ សូមមាតាបិតា និងអាណាព្យាបាល ជួយណែនាំបន្តដល់កូនក្មួយ និងកុមារតូចៗឱ្យស្គាល់ពីគ្រោះថ្នាក់នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនេះ។
-រាយការណ៍ជាបន្ទាន់៖ ក្នុងករណីរកឃើញ សូមរាយការណ៍ជាប្រញាប់ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់ អង្គភាពស៊ីម៉ាក់ (CMAC) ដែលនៅជិតលោកអ្នកបំផុត ដើម្បីឱ្យមន្ត្រីជំនាញចុះមកយកចេញ ឬកម្ទេចចោលដោយសុវត្ថិភាព៕

ចែករំលែកព័តមាននេះ