ទីក្រុងវ៉ាស៊ីនតោន៖ ថ្ងៃនេះ អាមេរិកព្រមានកាណាដាជាថ្មីថាឱ្យតែហ៊ានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ខ្លួននឹងដំឡើងពន្ធគយ១០០%។ នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្កុតបឺសឹន (Scott Bessent) បន្ទាប់ពីលោកដូណាល់ត្រាំទើបតែព្រមានដូចខាងលើនេះកាលពីមួយថ្ងៃមុន។ លោកបឺសឹនថ្លែងថាយើងមិនអាចបណ្ដោយឱ្យកាណាដាក្លាយជាច្រកផ្លូវសម្រាប់ចិននាំទំនិញទៅលក់នៅអាមេរិកទេ។

សូមរំលឹកថាកាលពីពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងថ្ងៃទី១៦ ខែមករា នាយករដ្ឋមន្ត្រីកាណាដា លោកម៉ាកខានី (Mark Carney) ប្រកាសពីការអភិវឌ្ឍទំនាក់ទំនងកាន់តែកក់ក្ដៅជាមួយប្រទេសចិន។ លោកថ្លែងថាប្រទេសទាំង២ទើបតែសម្រេចបានភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា និងឈានដល់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលដំបូងជាមួយគ្នាផងដែរ។

យោងតាមកិច្ចព្រមព្រៀងនេះ ប្រទេសចិនយល់ព្រមកាត់បន្ថយពន្ធគយមកត្រឹម១៥%ទៅលើទំនិញរបស់កាណាដាចាប់ពីថ្ងៃទី១ ខែមីនាតទៅ។ សព្វថ្ងៃនេះ ចិនយកពន្ធលើទំនិញកាណាដា៨៤%។ តាមរយៈកិច្ចព្រមព្រៀងនេះ ចិនក៏អនុញ្ញាតឱ្យអ្នកទេសចរជនជាតិកាណាដាអាចធ្វើដំណើរទៅប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការ។ ជាការឆ្លើយតប កាណាដាយល់ព្រមនាំចូលរថយន្តអគ្គិសនីរបស់ចិន៤,៩ម៉ឺនគ្រឿងដោយយកពន្ធត្រឹម៦,១%។

គួរកត់សម្គាល់ថាកិច្ចព្រមព្រៀងនេះធ្វើឡើងចំពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងកាណាដានៅតែបន្តកើតមានយ៉ាងក្ដៅគគុក។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកត្រូវអ្នកសារព័ត៌មានស្នើសុំឱ្យបញ្ជាក់បន្ថែមថាតើអាមេរិកពិតជានឹងដំឡើងពន្ធ១០០%ទៅលើទំនិញកាណាដាដូចដែលលោកត្រាំទើបតែព្រមានកាលពីពេលថ្មីៗនេះមែនទេ? លោកបឺសឹនឆ្លើយថារឿងនេះអាចនឹងក្លាយជាការពិតបើសិនកាណាដាហ៊ានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនមែននោះ។

លោកបឺសឹនថ្លែងបន្តទៀតថាអាមេរិកនឹងចាត់វិធានការកំណត់ពន្ធគយបន្ថែមទៀតបើសិនពួកគេ (ចិន និងកាណាដា) នៅតែជម្រុលទៅមុខទៀតដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ និងបើសិនយើងពិនិត្យឃើញថាកាណាដាអនុញ្ញាតឱ្យដឹកទំនិញចិនតាមទឹកដីរបស់ខ្លួនទៅលក់នៅអាមេរិក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងកាណាដាក៏ត្រូវលោកដូណាល់ត្រាំធ្វើអត្ថាធិប្បាយផងដែរ។

លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមថាប្រទេសចិនបានចូលគ្រប់គ្រងកាណាដាទាំងស្រុងហើយក្នុងនាមកាណាដាជាប្រទេសដ៏ធំសម្បើម។ លោកថាលោកសោកស្ដាយមិនគួរមានរឿងនេះកើតឡើងទាល់តែសោះ។ លោកសង្ឃឹមថាពួកគេនឹងមិនប៉ះពាល់កីឡាវាយកូនឃ្លីលើទឹកកកនោះទេ (Ice Hockey) ក្នុងនាមជាកីឡាអត្តសញ្ញាណជាតិរបស់កាណាដា៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ