ទីក្រុងប៉េកាំង៖ មន្ត្រីយោធាចិន២រូបគឺលោកសាងយូស៊ា និងលាវចិនលី ត្រូវដាក់នៅក្រោមការស៊ើបអង្កេតពីបទសង្ស័យប្រព្រឹត្តកំហុសធ្ងន់ធ្ងរចំពោះវិធានផ្ទៃក្នុង និងក្រឹត្យក្រមច្បាប់របស់បក្សកុម្មុយនិស្តចិន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិចិន។ កំហុសធ្ងន់ធ្ងរនៅក្នុងន័យនេះចង់សំដៅទៅលើការប្រព្រឹត្តអំពើពុករលួយនៅក្នុងទំហំធំ។

ក្រសួងចេញសេចក្ដីប្រកាសថាបន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យមើលរួចហើយ ថ្នាក់លើសម្រេចថានឹងចាប់ផ្ដើមស៊ើបអង្កេតលោកសាងយូស៊ា និងលោកលាវចិនលី។ លោកសាងសព្វថ្ងៃនេះមានន័យ៧៤ឆ្នាំ។ នៅក្នុងជួរកងទ័ព លោកជាសម្ព័ន្ធមិត្តដែលចាស់វស្សាជាងគេរបស់ប្រធានាធិបតីចិន លោកស៊ីជីនពីង។ ក្នុងនាមជាមន្ត្រីយោធា និងជាអតីតយុទ្ធជនម្នាក់ លោកសាងជាអ្នករ៉ាប់រងមើលលការខុសត្រូវលើប្រតិបត្តិការសឹក, ការហ្វឹកហ្វឺនកងទ័ព និងការដេញថ្លៃគ្រឿងបរិក្ខារផ្សេងៗសម្រាប់បំពាក់ឱ្យកងទ័ពរំដោះប្រជាជនចិន។

តាមដឹងមកថាទំនាក់ទំនងរវាងលោកស៊ីជីនពីង និងលោកសាងយូស៊ាមានភាពស៊ីជម្រៅខ្លាំង។ ឪពុករបស់លោកទាំង២ជាយុទ្ធមិត្តរួមអាវុធតាំងសម័យបដិវត្តតស៊ូរំដោះជាតិមកម៉្លេះ។ ដោយឡែក លោកលាវចិនលីសព្វថ្ងៃនេះមានអាយុ៦១ឆ្នាំ។ លោកជាសមាជិកគណៈកម្មការយោធានៃបក្សកុម្មុយនិស្តចិន។ គណៈកម្មការនេះមានអំណាចធំជាងក្រសួងការពារជាតិទៅទៀតព្រោះត្រូវគ្រប់គ្រងទាំងអស់តាំងពីប្រតិបត្តិការសឹក, ការហ្វឹកហ្វឺន និងការត្រៀមប្រយុទ្ធ។

ការដាក់លោកទាំង២ឱ្យស្ថិតក្រោមការស៊ើបអង្កេតយ៉ាងដូច្នេះ ជាពិសេស លោកសាងយូស៊ាដែលមានតំណែងជាអនុប្រធានគណៈកម្មការយោធានៃបក្សកុម្មុយនិស្តចិនផងនោះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងជួរកងទ័ពចិន។ ចាប់តាំងពីលោកស៊ីឡើងកាន់អំណាចកាលពីឆ្នាំ២០១២ មន្ត្រីយោធាចិនរាប់សិបនាក់ត្រូវបានដកតំណែង ឬដាក់ទណ្ឌពីបទពុករលួយ។ នេះជាយុទ្ធនាការកម្ចាត់អំពើពុករលួយដែលដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកស៊ីជីនពីង៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ