ខេត្តឧត្ដរមានជ័យ ៖ រូបសំណាកព្រះលោកេស្វរៈ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្តឧត្ដរមានជ័យ ត្រូវបានអភិសេកនៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ ។ នេះបើយោងតាមហ្វេសប៊ុក លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ។

លោកអភិបាលខេត្តបានឱ្យដឹងថា ឆ្លងកាត់ការស្ថាបនាយ៉ាងផ្ចិតផ្ចង់អស់រយៈពេលជាច្រើនខែ ពេលនេះរូបសំណាក់ព្រះលោកេស្វរៈ «រង្វង់មូលដៃ៨» ក្នុងទីរួមខេត្តឧត្ដរមានជ័យ បានរួចរាល់ជាស្ថាពរ ១០០% ហើយ ។ ទោះបីជាខេត្តឧត្តរមានជ័យ បានឆ្លងកាត់ភ្លើងសង្គ្រាមយ៉ាងក្តៅគគុកយ៉ាងណាក៏ដោយ ប៉ុន្តែក្រោមម្លប់នៃសន្តិភាព ខេត្តជាប់ព្រំដែនមួយនេះបានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ។

ប្រភពហ្វេសប៊ុក លោក មាន ចាន់យ៉ាដា ឱ្យដឹងទៀតថា ការសាងសង់រូបសំណាក់នេះឡើង មិនត្រឹមតែដើម្បីសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងបួងសួងសុំសេចក្តីសុខ ជួយបីបាច់ថែរក្សា និងផ្តល់សេចក្តីសុខសាន្តត្រជាក់ត្រជុំជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស ការរំលឹកគុណបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដីដងរែកមួយនេះ ។ ការអភិសេករូបសំណាក់ «រង្វង់មូលដៃ៨» នាថ្ងៃនេះនឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តឧត្តរមានជ័យកាន់តែច្រើនឡើង ៕




ចែករំលែកព័តមាននេះ