សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការទិញសាច់ទុកក្នុងបរិមាណច្រើនក្នុងទូទឹកកក គឺជាទម្លាប់សាមញ្ញដែលជួយសន្សំសំចៃពេលវេលា និងថវិកា។ ទោះជាយ៉ាងណា ការយល់ដឹងពីរបៀបស្តុកទុកឱ្យបានត្រឹមត្រូវ គឺជាគន្លឹះសំខាន់ដើម្បីរក្សាគុណភាពសាច់ រសជាតិ និងការពារការរីករាលដាលនៃបាក់តេរីដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពគ្រួសារ។
តាមពិតទៅ ការស្តុកសាច់ច្រើនជ្រុលរហូតពេញណែនទូទឹកកក គឺជាហានិភ័យមួយ ព្រោះវារាំងស្ទះដល់ចរន្តខ្យល់ត្រជាក់ដែលហូរជុំវិញអាហារ។ នៅពេលខ្យល់ត្រជាក់រត់មិនសព្វ កម្រិតសីតុណ្ហភាពក្នុងទូនឹងកើនឡើង ដែលផ្ដល់ឱកាសឱ្យបាក់តេរីដូចជា Salmonella ឬ E. coli រីកលូតលាស់កាន់តែលឿន។ លើសពីនេះ ការទុកសាច់ក្នុងកកយូរហួសកំណត់ នឹងបណ្ដាលឱ្យកើតមានបាតុភូត ការបាត់បង់សំណើមលើសាច់ ដែលធ្វើឱ្យសាច់បាត់បង់រសជាតិ ស្វិត និងបាត់បង់សារធាតុចិញ្ចឹមស្ទើរតែទាំងស្រុង។
ដើម្បីស្តុកទុកឱ្យមានសុវត្ថិភាព លោកអ្នកគួរខ្ចប់សាច់ក្នុងថង់ប្លាស្ទិកដែលមានហ្ស៊ីប ឬប្រអប់បិទជិត ដើម្បីការពារការចម្លងមេរោគដាក់គ្នា។ ជាពិសេស គួរកំណត់ចំណាំកាលបរិច្ឆេទដាក់ចូល និងប្រើប្រាស់សាច់ដែលទិញមុនគេមកចម្អិនមុន។
ការរៀបចំទុកដាក់ដោយមានរបៀបរៀបរយ មិនត្រឹមតែជួយឱ្យអ្នកចំណេញកន្លែងទំនេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវអាហារដែលស្រស់ថ្លា និងសុវត្ថិភាពសម្រាប់រាងកាយទៀតផង៕
ចែករំលែកព័តមាននេះ