ទីក្រុងតេហេរ៉ង់៖ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថា ខ្លួនបានបង្ក្រាបផែនការ «រដ្ឋប្រហារ» ដែលរៀបចំឡើងដោយទីភ្នាក់ងារសម្ងាត់បរទេសចំនួន ១០ ក្នុងគោលបំណងបង្កភាពវឹកវរផ្ទៃក្នុង និងបំផ្លាញបូរណភាពទឹកដីអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៣ ខែមករានេះ។
អាជ្ញាធរអ៊ីរ៉ង់បានអះអាងថា ផែនការដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលនេះ បានព្យាយាមញុះញង់ឱ្យមានការជ្រៀតជ្រែកផ្នែកយោធា និងបង្កើតការតវ៉ាហិង្សា។ ក្នុងប្រតិបត្តិការបង្ក្រាបចាប់ពីពាក់កណ្ដាលឆ្នាំ ២០២៥ រហូតដល់ចុងឆ្នាំ កងកម្លាំងសន្តិសុខអ៊ីរ៉ង់បានឃាត់ខ្លួនមនុស្សជាង ៧០០ នាក់ និងរឹបអូសអាវុធខុសច្បាប់រាប់រយដើម ដើម្បីទប់ស្កាត់ការរាលដាលនៃអំពើហិង្សាដែលបានវាយប្រហារលើអគាររដ្ឋាភិបាល វិហារអ៊ិស្លាម និងធនាគារ។
គួរបញ្ជាក់ថាភាពចលាចលនេះបានចាប់ផ្ដើមផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២៥ ដោយសារប្រជាជនមិនពេញចិត្តនឹងស្ថានភាពសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងតម្លៃទំនិញហក់ឡើងខ្ពស់។ ទោះជាយ៉ាងណា ការតវ៉ាដែលផ្ដើមចេញពីបញ្ហាជីវភាព បានប្រែជាបាតុកម្មនយោបាយប្រឆាំងនឹងរដ្ឋាភិបាលយ៉ាងរហ័ស និងប្រែក្លាយទៅជាអំពើហិង្សានៅតាមទីក្រុងធំៗ ដែលនាំឱ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់សម្រេចប្រើវិធានការក្ដៅដើម្បីបង្ក្រាប និងចោទប្រកាន់ថាជាការជ្រៀតជ្រែកពីសត្រូវបរទេស ដើម្បីបង្វែរចំណាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុងរបស់ខ្លួន៕
ចែករំលែកព័តមាននេះ