ទីក្រុងកៀវ៖ តំណាងរុស្ស៊ី និងអ៊ុយក្រែន បានបើកកិច្ចចរចាត្រីភាគីរួមជាមួយសហរដ្ឋអាម៉េរិក នៅទីក្រុងអាប៊ុយដាប៊ី ដើម្បីដោះស្រាយវិវាទដែនដីដ៏រ៉ាំរ៉ៃ ប៉ុន្តែពុំទាន់មានសញ្ញានៃការសម្របសម្រួលណាមួយឡើយ ដោយសាររុស្ស៊ីនៅតែប្រកាន់ជំហរទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ដុនបាស់ទាំងមូល។ នេះបើយោងតាមសារព័ត៌មាន Reuters និងប្រភពផ្សេងទៀតចុះផ្សាយនៅថ្ងៃទី២៤ ខែមករានេះ។
ទោះជាយ៉ាងណា លោក ហ្សេឡេនស្គី បានបង្ហាញភាពវិជ្ជមានខ្លះៗដោយបញ្ជាក់ថា កិច្ចព្រមព្រៀងធានាសន្តិសុខពីសហរដ្ឋអាម៉េរិកគឺបានរួចរាល់ហើយ ដោយគ្រាន់តែរង់ចាំការកំណត់ពេលវេលាចុះហត្ថលេខាពីលោក ដូណាល់ ត្រាំ ប៉ុណ្ណោះ។ កិច្ចចរចានេះប្រព្រឹត្តទៅចំពេលដែលអ៊ុយក្រែនកំពុងរងការវាយប្រហារលើប្រព័ន្ធថាមពលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យទីក្រុងកៀវស្ថិតក្រោមសម្ពាធកាន់តែខ្លាំងក្នុងការស្វែងរកផ្លូវសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជិត ៤ ឆ្នាំនេះ។
សូមបញ្ជាក់ថា សង្គ្រាមទ្រង់ទ្រាយធំដែលផ្ដើមដោយការឈ្លានពានរបស់រុស្ស៊ីតាំងពីខែកុម្ភៈ ឆ្នាំ ២០២២ បានឈានដល់ដំណាក់កាលរបត់ថ្មី ក្រោយពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិកនៅដើមឆ្នាំ ២០២៦។ លោក ត្រាំ បានដាក់សម្ពាធយ៉ាងខ្លាំងឱ្យភាគីទាំងពីរចូលតុចរចាដើម្បីបញ្ចប់ជម្លោះឱ្យបានឆាប់រហ័ស ស្របតាមគោលនយោបាយកាត់បន្ថយជំនួយយោធារបស់លោក ដែលបង្ខំឱ្យអ៊ុយក្រែនត្រូវថ្លឹងថ្លែងរវាងការបាត់បង់ទឹកដី និងការទទួលបានការធានាសន្តិសុខថ្មីពីទីក្រុងវ៉ាស៊ីនតោន៕
ចែករំលែកព័តមាននេះ